លោក ហាវ ដាវុធ មេប៉េអឹមស្រុកព្រែកប្រសព្វ ស្រវឹងបើកឡានបុករះរបួសធ្ងន់ ៣នាក់

ខេត្តក្រចេះ ៖ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកព្រែកប្រសព្វ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានបើកឡានឡិចស៊ីស បង្កគ្រោះថ្នាក់ចរាចរណ៍ ចំនួនពីរកន្លែងផ្សេងគ្នា បណ្តាលអោយមនុស្ស ប្រុសស្រី ៣នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៤ និង៣០ នាទីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់ក្រចេះ និងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ។
សាក្សីបានឲ្យដឹងថា លោកមេបញ្ជាការ បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស៤៧០ ពណ៌កណ្តុរល្មែះ ស្លាកលេខ 2L-3699 ជ្រុលទៅបុកម៉ូតូរបស់ស្ត្រីម្នាក់ បណ្តាលអោយដួលរងរបួសធ្ងន់ នៅចំណុចកែងវត្តប៉ាឆា ស្ថិតនៅក្នុង ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ រួចព្យាយាមបើករត់គេច តាមបណ្តោយផ្លូវជាតិលេខ៧៣ ឆ្ពោះទៅស្រុកឆ្លូង ហើយទំនងជាស្រវឹងខ្លាំងពេក ពេលបើកទៅដល់ ភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក៍បានរេចង្កូតទៅបុក ម៉ូតូឪពុកកូនពីរនាក់ទៀត បណ្តាលអោយម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។
សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា ក្រោយពេលបើកបុករះ ជាបន្តបន្ទាប់រួចហើយ លោកមេបញ្ជាការ ព្យាយាមបន្តរបើករត់គេចខ្លួន និងដោយមានការតាមប្រមាញ់ ពីសមត្ថកិច្ចនគរបាលជើងគោក លោកមេបញ្ជាការបានបើករថយន្ត គេចចូលទៅសំងំ នៅលើទូកដរចំឡង ពាមទេរ ក៏ត្រូវសមត្ថកិច្ចនាំខ្លួនទៅ ស្នងការដ្ឋាននគបាលខេត្ត ដើម្បីកសាងសំណុំរឿង និងរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។
ប្រភពពីសមត្ថកិច្ច នគរបាលចរាចរណ៍ បានអោយដឹងទៀតថា ជនបង្កគឺជាមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកព្រែកប្រសព្វ ឈ្មោះ ហាវ ដាវុធ ហៅ ប្រុស រីឯជនរងគ្រោះជាឪពុក ឈ្មោះ ស៊ីន ចាន់ទី រងរបួសធ្ងន់ កូនឈ្មោះ ស៊ីន វុទ្ឋី អ្នកទាំងរងរបួស ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត រីឯស្ត្រីរងគ្រោះ ឈ្មោះ កន បូរត្ន័ ភេទស្រី អាយុ ៣៣ឆ្នាំ ទទួលរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត និងបានបន្តបញ្ជូនបន្ត ទៅប្រទេសវៀតណាម ៕
Source from: watphnom-news.com
No comments:
Post a Comment