ស្ត្រីមានជំងឺសរសៃប្រសាទ លេបថ្នាំដែលពេទ្យបើកឲ្យ លើសកម្រិតសន្លប់ស្តូកស្តឹង

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានជំងឺសរសៃប្រសាទ ច្រើនឆ្នាំមកហើយ ពេលប្តីអត់នៅផ្ទះ បានយកថ្នាំដែលគ្រូពេទ្យ ឲ្យទុកលេបរយៈពេលមួយខែ មកលេបតែមួយថ្ងៃ បណ្តាលឲ្យសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែមករា ក្នុងភូមិ ព្រៃសំព័រ សង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ។
ស្ត្រីរងគ្រោះមានឈ្មោះ សួន សំអុល អាយុ ៤៤ឆ្នាំ មុខរបរមេផ្ទះ រីឯប្តីឈ្មោះ ទឹម វុទ្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ និងធ្វើចុងភៅ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានកូនប្រុសស្រី ២នាក់ ។ បុរសជាប្តីបានឲ្យដឹងថា នៅថ្ងៃកើតហេតុ គាត់ទៅធ្វើម្ហូបការ នៅក្រុងព្រះសីហនុ រយៈពេល ២ថ្ងៃកន្លងមកហើយ ចំណែកកូនរបស់គាត់ ចេញទៅរៀនអស់ នៅសល់តែប្រពន្ធ ដែលមានជម្ងឺសរសៃប្រសាទ នៅផ្ទះតែម្នាក់ឯង ។
ពេលនោះស្ត្រីរងគ្រោះ បានយកថ្នាំសរសៃប្រសាទ ដែលគ្រូពេទ្យទើបនឹងបើក ទុកឲ្យលេប រយៈពេលមួយខែ បែរជាយកលេបតែម្តង នៅវេលាម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង ២រសៀល ថ្ងៃដដែលទើបប្តី ត្រឡប់មកពីធ្វើការវិញ ប្រទះឃើញប្រពន្ធ ដេកសន្លប់ស្តូកស្តឹង នៅក្នុងបន្ទប់សង្ស័យលេបថ្នាំ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ។ គ្រូពេទ្យមិនអាចលាងក្រពះ ជម្រះជាតិពុលបានទេ ដោយសាររយៈពេល នៃការលេបថ្នាំយូរម៉ោងពេក ធ្វើឲ្យជាតិថ្នាំជ្រាបចូល ក្នុងខ្លួនអស់ទៅហើយ គ្រូពេទ្យបានត្រឹមតែ ព្យួរសេរ៉ូមប៉ុណ្ណោះ៕
Source from: watphnom-news.com
No comments:
Post a Comment