យុវតីជាសិស្សសាលាម្នាក់អារដៃនិងលោតពីលើផ្ទះជាន់ទី៣ប៉ងធ្វើអត្តឃាតព្រោះតែសង្សារសុំបែក

កាលពីវេលាម៉ោងប្រមាណ១៦និង៣០នាទីល្ងាច នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤នេះ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារយុវតីជាសិស្សសាលាម្នាក់បានដាច់ចិត្តលោតពីលើផ្ទះជាន់ទី៣ ឋិតនៅផ្ទះលេខ៨៣E3 ផ្លូវលេខ១៦១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប៉ងធ្វើអត្តឃាតព្រោះតែឈ្លោះទាស់ទែងជាមួយសង្សារ ហើយសង្សារសុំចែកផ្លូវ ។
យុវតីរងគ្រោះដែលដាច់ចិត្តលោតពីលើផ្ទះជាន់ទី៣ប៉ងសម្លាប់ខ្លួននេះ មានឈ្មោះ ជុង ចាន់យូ អាយុ១៦ឆ្នាំ ជាសិស្សសាលា ស្នាក់នៅលំនៅឋានកើតហេតុខាងលើ ទទួលរងរបួសសន្លប់ស្តូកស្តឹង ហើយក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ បន្ទាប់ពីនាងបានអារដៃឆ្វេងរបស់នាង និងលោតពីលើផ្ទះជាន់ទី៣រួចមក ។
តាមសម្តីរបស់ស្ត្រីឈ្មោះ សា មួយ អាយុ៥៤ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាចិន ត្រូវជាម្តាយចិញ្ចឹមយុវតីរងគ្រោះគិតខ្លីខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់បាននិយាយប្រាប់ទាំងទឹកមុខស្រពាប់ស្រពោនថា នាងបានឈ្លោះទាស់ទែងគ្នាជាមួយសង្សារ ។ ពេលនោះ គាត់ជាម្តាយមិនបានចាប់អារម្មណ៍ និងឃ្លាំមើលកូនស្រីទេ ស្រាប់តែដល់ម៉ោងកើតហេតុខាងលើ នាងក៏បានដាច់ចិត្តគិតខ្លីលោតពីលើផ្ទះជាន់ទី៣ បណ្តាលឲ្យនាងទទួលរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងតែងម្តង ហើយក៏ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ ។
ក្រុមគ្រួសារយុវតីរងគ្រោះបានបញ្ជាក់ឲ្យដឹងដែរថា ការលោតពីលើផ្ទះប៉ុនប៉ងសម្លាប់ខ្លួនរបស់កូនស្រីរូបនេះ គឺមកពីនាងឈ្លោះទាស់ទែងគ្នាជាមួយសង្សារ ដោយសង្សារសុំចែកផ្លូវ ហើយក៏ធ្វើឲ្យនាងគិតខ្លី លែងពិចារណាវែងឆ្ងាយ ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះធ្ងើកោសល្យវិច័យ និងធ្វើកំណត់ហេតុ ព្រមទាំងបានបញ្ជូនយុវតីរងគ្រោះទៅមន្ទីរពេទ្យដើម្បីព្យាបាល ៕
Source from: www.dtn7.com