ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បុកគ្នាស្លាប់ម្នាក់នៅក្នុងថ្លុកឈាម ម្នាក់ទៀតរងរបួសធ្ងន់

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ ចរាចរណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងកាលពី វេលាម៉ោង ១៩និង៤៥ នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ រវាងម៉ូតូបុកជាមួយម៉ូតូ លើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឃិន សុធា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅ ក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកបើកបរម៉ូតូ ធុនសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកឯជនរងគ្រោះ ដែលរងរបួសធ្ងន់ មានឈ្មោះ វុធ ទី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងភូមិព្រែក ឃុំព្រែកគយ ស្រុកស្អាង ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាគុបមូល ធុនសេ៩០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។
នៅមុនពេលកើតហេតុ សាក្សីបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាគុប តាមបណ្តោយផ្លូវជាតិ លេខ២១B ក្នុងទិសដៅពីត្បូងទៅជើង ដោយពុំមានពាក់មួក ការពារសុវត្ថិភាព និងបំពាក់កញ្ចក់ មើលក្រោយនោះទេ ខណៈបើកដល់ចំណុចកើតហេតុ បានជ្រុលទៅបុក ជាមួយម៉ូតូធុនសេ១០០ កូរ៉េ ដែលបើកបរដោយបុរសម្នាក់ ពុំមានពាក់មួកការពារសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយដូចគ្នា បណ្តាលឲ្យម៉ូតូទាំង ២គ្រឿង ដួលបោកទៅលើផ្លូវជាតិ ធ្វើឲ្យអ្នកបើកបរម៉ូតូសេ១០០ កូរ៉េ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកបើកបរម៉ូតូគុប រងរបួសធ្ងន់៕
Source from: watphnom-news.com