ចុះកិច្ចសន្យាឈប់ទាក់ទងគ្នាបាន ៥ខែបាញ់គំរាមសង្សារ ចាប់ពង្រត់ដល់ខេត្តសៀមរាម

ខេត្តព្រះវិហារ ៖ យុវជនម្នាក់ជាកូន របស់នាយទាហានស័ក្តិ មានទីលំនៅ ក្នុងភូមិសែនជ័យ ឃុំស្រឯម ស្រុកជាំក្សាន្ត បានចាប់គំរាមសង្សាររបស់ខ្លួន ជាកូនអាជីវករលាងឡាន នាំពង្រត់មកដល់ ខេត្តសៀមរាប ព្រោះតែស្រឡាញ់នាងខ្លាំងពេកតែឪពុកម្តាយបំបែក ហើយកាលពី ៥ខែមុន គូសង្សារវ័យក្មេងឈាមរាវនេះ ធ្លាប់បានពង្រត់គ្នា ម្តងហើយ ក៏ត្រូវហៅមកចុះកិច្ចសន្យា ឈប់ទាក់ទងគ្នា។
ជនសង្ស័យមានឈ្មោះ ហ៊ីង លីដា ហៅ លីយូ អាយុ ២២ឆ្នាំ ជាកូនរបស់ នាយទាហានមួយរូប មានទីលំនៅភូមិសែនជ័យ ឃុំស្រឯម ស្រុកជាំក្សាន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើប្រាស់ អាវុធខុសច្បាប់ និងចាប់ពង្រត់។ ស្នងការដ្ឋានខេត្តព្រះវិហារ បានសហការជាមួយ ស្នងការដ្ឋានខេត្តសៀមរាប ធ្វើការឃាត់ខ្លួនគូសង្សារ ដែលបានពង្រត់គ្នា នៅរសៀលថ្ងៃទី២៨ មករា នៅចំណុចផ្សារដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
សូមរំលឹកថា កាលពីវេលាម៉ោង ៧និង៤៥ នាទីយប់ ថ្ងៃទី២៧ ខែមករា បានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ នៅកណ្តាលក្រុងព្រះវិហារ មុខធនាគារអេស៊ីលីដា បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ខណៈដែលជនសង្ស័យ ជិះម៉ូតូតែម្នាក់ឯង តាមនារីជាសង្សារឈ្មោះ ចៅ ចាន់រ៉ានី អាយុ ១៧ឆ្នាំ ដែលជាកូនរបស់ អាជីវករលាងរថយន្ត មានទីលំនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលជិះម៉ូតូមួយគ្រឿង មានគ្នា ៣នាក់ ។
លុះដល់ចំណុចកើតហេតុ ជនសង្ស័យបានហៅ នារីជាសង្សារ ឱ្យជិះម៉ូតូជាមួយខ្លួន តែនារីសង្សារបដិសេធ ក៏ដកកាំភ្លើងប្រភេទកា៥៩ បាញ់ឡើងលើ ២គ្រាប់ គំរាមនាងឱ្យជិះម៉ូតូ ជាមួយខ្លួនទាល់តែបាន រួចក៏នាំនាងទៅបាត់ ។ លុះមកដល់រសៀលថ្ងៃទី២៨ ខែមករា សមត្ថកិច្ចបានកំណត់ មុខសញ្ញាច្បាស់លាស់ ក៏ធ្វើការឃាត់ខ្លួនតែម្តង ។ តាមមិត្តភក្តិនារីជាសង្សារ បានឲ្យដឹងថា ឈ្មោះ ហ៊ីង លីដា ហៅលីយូ ពិតជាបានដកកាំភ្លើង បាញ់គំរាមទៅលើមិត្តភក្តិ របស់នាងជាសង្សារ ប្រាកដមែន ។
មន្ត្រីនគរបាលបានឱ្យដឹងថា គូសង្សារមួយគូនេះ ស្រឡាញ់គ្នាជាយូរមកហើយ ដោយកាលពី ៥ខែមុន ធ្លាប់បានពង្រត់គ្នាម្តងដែរ ប៉ុន្តែដោយសារ ក្រុមគ្រួសារទាំងសងខាង សម្របសម្រួលគ្នា ក៏នាំគូសង្សារនេះ មកចុះកិច្ចសន្យា ឈប់ទាក់ទងគ្នា នៅស្នងការដ្ឋាន ខេត្ត ស្រាប់តែពេលនេះ កើតមានករណីនេះម្តងទៀត ។ មកដល់ពេលនេះ ជនសង្ស័យ ត្រូវបានបញ្ជូនមក ស្នងការដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕
Source from: watphnom-news.com
No comments:
Post a Comment