រឿងដែលលោក អៀង វ៉ាន់ឌី ប្រើហិង្សាលើជនស្លូតត្រង់ និងប្រមូលលាភសក្ការៈ ផ្ទុយពីតួនាទីជាសមត្ថកិច្ច អាចនឹងត្រូវរបូតពីតំណែង

ខេត្តស្ទឹងត្រែង ៖ ករណីដែលបុរសម្នាក់ ត្រូវបានលោកស័ក្តិ៥ អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថ ខេត្តស្ទឹងត្រែង រំលោភសិទ្ធិបុគ្គល ធ្វើទារុណកម្ម វាយដំគ្មានត្រាប្រណី បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រហូតដល់អភិបាលខេត្តស្ទឹងត្រែង ចុះទៅពិនិត្យស្ថានភាព របស់ជនរងគ្រោះ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ បានបញ្ជាឲ្យនគរបាលព្រហ្មទណ្ឌ ធ្វើកោសល្យវិច័យ និងស៊ើបអង្កេត លើករណីនេះឡើងវិញ ដើម្បីផ្តល់ភាពយុត្តិធម៌ ជូនជនរងគ្រោះ ព្រោះសកម្មភាពរបស់លោក អៀង វ៉ាន់ឌី ដែលបានប្រព្រឹត្តទៅលើជនស្លូតត្រង់ មួយរយៈកន្លងមកនេះ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង មានការភ័យខ្លាចនិងញាក់សាច់យ៉ាងខ្លាំង។
មន្ត្រីសាលាខេត្តស្ទឹងត្រែងម្នាក់ បានបង្ហើបឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឆាយ ប៊ុន អាយុ ៥៩ឆ្នាំ រស់នៅក្នុងឃុំ ថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវលោក អៀង វ៉ាន់ឌី ជាមេបញ្ជាការអាវុធហត្ថ ខេត្តស្ទឹងត្រែង ចាប់ធ្វើទារុណកម្មវាយដំ យ៉ាងកំរោល ពេលដែលពួកគាត់ គ្មានទោសកំហុសអ្វីសោះ ហើយនៅពេលចាប់ខ្លួន ជនរងគ្រោះឈ្មោះ ឆាយ ប៊ុន រួមទាំងគ្នីគ្នាចំនួន ៤នាក់ ផ្សេងទៀត សមត្ថកិច្ចអាវុធហត្ថ បានជេរប្រមាថវាយដំ ធ្វើទារុណកម្ម ព្រមានសម្លាប់ដូចសត្វធាតុ បណ្តាលឲ្យជនរងគ្រោះ រងរបួសគ្រាំគ្រា ក្អួតធ្លាក់ឈាម ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះដល់អាយុជីវិត។ កូនស្រីរបស់ជនរងគ្រោះ ឈ្មោះ ឆាយ ប៊ុន ក៏ស្ថិតក្នុងចំណោមមនុស្ស ដែលត្រូវធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃផងដែរ ត្រូវបានគេអនុញ្ញាត ឲ្យមកមើលថែទាំឪពុក ក្នុងមន្ទីរពេទ្យ ប៉ុន្តែគ្នីគ្នារបស់ជនរងគ្រោះ ៣នាក់ ផ្សេងទៀតត្រូវគេឃុំខ្លួន ក្នុងទ្រុងដែកមិនដឹងថា ជនស្លូតត្រង់ទាំងនោះ នឹងមានជោគវាសនា បែបណានោះទេ។
សេចក្តីរាយការណ៍ បានឲ្យដឹងផងដែរថា អំពើឃោរឃៅធ្វើទារុណកម្ម ដោយខុសច្បាប់ លើប្រជាពលរដ្ឋស្លូត ត្រង់ប្រព្រឹត្តដោយមន្ត្រីអាវុធហត្ថ គឺនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ជនរងគ្រោះទាំង ៥នាក់ រួមមាន ទី១-ឈ្មោះ ឆាយ ប៊ុន ភេទប្រុស អាយុ ៥៩ឆ្នាំ ត្រូវមន្ត្រីអាវុធហត្ថ វាយឲ្យរងរបួសធ្ងន់ ក្អួតធ្លាក់ឈាម ទី២-ឈ្មោះ ប៊ុន សុភាព ភេទស្រី អាយុ ៣១ឆ្នាំ ត្រូវជាកូន កំពុងមើលថែទាំជនរងគ្រោះ នៅមន្ទីរពេទ្យ ទី៣-ឈ្មោះ ប៊ុន ចន្ធូ ភេទស្រី អាយុ ២១ឆ្នាំ ត្រូវជាកូន និង ២នាក់ទៀត ជាតៃកុងរថយន្ត ពុំស្គាល់ឈ្មោះ ហើយឈ្មោះ ប៊ុន ចន្ធូ និងតៃកុងរថយន្តទាំង ៣នាក់នេះ កំពុងស្ថិតក្នុងការឃុំខ្លួនក្នុងទ្រុងដែក។ ក្រោយពេលបែកធ្លាយ នូវអំពើឃោរឃៅបែបនេះ អភិបាលខេត្តស្ទឹងត្រែង បានចាត់តាំងលោក ម៉ៅ ធនិន ជាអភិបាលរងខេត្ត ឲ្យចុះមកសួរសុខទុក្ខជន រងគ្រោះនៅមន្ទីរពេទ្យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង។
នៅក្នុងមន្ទីរពេទ្យ ឈ្មោះ ប៊ុន សុភាព ជាកូនស្រីជនរងគ្រោះ បានរៀបរាប់ថា ពួកគាត់ត្រូវមន្ត្រីអាវុធហត្ថ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ចាប់ឃុំឃាំង បញ្ជាឲ្យស្រាតខោអាវ នៅសល់តែខោលីអូ និងបង្ខំឲ្យផ្តិតមេដៃលើកំណត់ហេតុ ដែលមន្ត្រីអាវុធហត្ថ រៀបចំទុកជាស្រេច ផ្ទុយពីឆន្ទៈរបស់ពួកគេ។ មានការរៀបរាប់ថា អំពើហិង្សា និងទារុណកម្មដ៏ឃោរឃៅនេះ ផ្តើមចេញពីករណី ដែលក្រុមជនរងគ្រោះ នាំគ្នាទៅសុំយកក្របី ដែលត្រូវមន្ត្រីអាវុធហត្ថឃាត់ចាប់ យោងតាមដីកាសម្រេច របស់សាលាដំបូងខេត្តស្ទឹងត្រែង ព្រោះក្រោយពេលអាវុធហត្ថ ចាប់ក្របីរបស់ជនរងគ្រោះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ក៏មានការប្តឹងផ្តល់ទៅតុលាការ ហើយតុលាការក៏បានសម្រេច ប្រគល់ក្របីឲ្យជនរងគ្រោះវិញ ពេលពួកគាត់ទៅទារយកក្របី ក៏ត្រូវលោក អៀង វ៉ាន់ឌី ចាប់ធ្វើទារុណកម្ម វាយទាត់ធាក់គ្មានត្រាប្រណី។
ករណីនេះអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាឲ្យ នគរបាលព្រហ្មទណ្ឌខេត្ត ធ្វើកោសល្យវិច័យ និងកសាងសំណុំរឿង ដើម្បីនាំជនប្រព្រឹត្តខុស ទៅផ្តន្ទាទោស ព្រោះតែមិនអាចទ្រាំមើល អំពើសាហាវឃោរឃៅ របស់លោក អៀង វ៉ាន់ឌី ហើយករណីនេះ គេមិនច្បាស់ទេថា តើសមត្ថកិច្ចអាចចាត់ការនាំខ្លួន ជនដៃដល់ទៅផ្តន្ទាទោស បានឬក៏អត់នោះឡើយ ព្រោះថាជនដៃដល់ ដែលបានធ្វើទារុណកម្ម ដ៏សាហាវឃោរឃៅទៅលើ ប្រជាពលរដ្ឋ គឺឈ្មោះ អៀង វ៉ាន់ឌី មានឋានន្តរស័ក្តិជាវរសេនីយ៍ឯក និងជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង។ យ៉ាងណាក៏ដោយ ជនរងគ្រោះបានអំពាវនាវ សុំឲ្យមេបញ្ជាការ កងរាជអាវុធ លើផ្ទៃប្រទេស មេត្តាចាត់វិធានការ ទៅលើលោក អៀង វ៉ាន់ឌី ជាបន្ទាន់ក្នុងករណីប្រើអំពើហិង្សា ដ៏ឃោរឃៅលើម្ចាស់ក្របី បំពានទៅលើសិទ្ធិជនស្លូតត្រង់ និងផ្ទុយពីតួនាទីរបស់ខ្លួនជាសមត្ថកិច្ច៕
Source from: watphnom-news.com