​រឿង​​ដែល​​លោក អៀង វ៉ាន់​ឌី ប្រើ​ហិង្សា​​​លើ​​​ជន​​ស្លូត​ត្រង់ និង​​​​​​ប្រ​​មូល​​លាភ​ស​ក្ការៈ ផ្ទុយ​​​ពី​​តួ​នា​ទី​​ជា​​ស​មត្ថ​កិច្ច​ អាច​នឹង​​ត្រូវ​របូត​​ពី​​តំ​​ណែង

​រឿង​​ដែល​​លោក អៀង វ៉ាន់​ឌី ប្រើ​ហិង្សា​​​លើ​​​ជន​​ស្លូត​ត្រង់ និង​​​​​​ប្រ​​មូល​​លាភ​ស​ក្ការៈ ផ្ទុយ​​​ពី​​តួ​នា​ទី​​ជា​​ស​មត្ថ​កិច្ច​ អាច​នឹង​​ត្រូវ​របូត​​ពី​​តំ​​ណែង

​ខេត្តស្ទឹងត្រែង៖ករណី​​ដែល​​បុរស​​ម្នាក់ត្រូវ​បាន​​លោក​​ស័ក្តិ​​៥អៀងវ៉ាន់​ឌីមេ​បញ្ជា​ការ​​អា​វុធ​ហត្ថខេត្ត​ស្ទឹង​ត្រែង

​ខេត្តស្ទឹងត្រែង ៖ ករណី​​ដែល​​បុរស​​ម្នាក់ ត្រូវ​បាន​​លោក​​ស័ក្តិ​​៥ អៀង វ៉ាន់​ឌី មេ​បញ្ជា​ការ​​អា​វុធ​ហត្ថ ខេត្ត​ស្ទឹង​ត្រែង រំលោភ​សិទ្ធិ​​បុគ្គ​ល ធ្វើ​​ទារុ​ណ​កម្ម វាយ​ដំ​គ្មាន​​ត្រា​ប្រ​ណី បណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់​ធ្ងរ រហូត​ដល់​​អភិ​បាល​ខេត្ត​​ស្ទឹង​ត្រែង ចុះ​ទៅ​ពិ​និត្យ​​ស្ថានភាព របស់​ជនរងគ្រោះ ដែល​កំពុង​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ បាន​បញ្ជា​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ ធ្វើ​កោសល្យវិច័យ និង​ស៊ើបអង្កេត លើ​ករណីនេះ​ឡើងវិញ ដើម្បី​ផ្តល់​ភាពយុត្តិធម៌ ជូន​ជនរងគ្រោះ ព្រោះ​សកម្មភាព​របស់លោក អៀង វ៉ាន់ឌី ដែល​បាន​ប្រព្រឹត្ត​ទៅលើ​ជនស្លូតត្រង់ មួយរយៈ​កន្លងមកនេះ កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ខេត្តស្ទឹងត្រែង មានការ​ភ័យខ្លាច​និង​ញាក់សាច់​យ៉ាងខ្លាំង​។​

​មន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា បុរសរងគ្រោះ​មានឈ្មោះ ឆាយ ប៊ុន អាយុ ៥៩​ឆ្នាំ រស់នៅក្នុង​ឃុំ ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹង​ត្រែង ត្រូវ​លោក អៀង វ៉ាន់ឌី ជា​មេបញ្ជាការ​អាវុធហត្ថ ខេត្តស្ទឹងត្រែង ចាប់ធ្វើ​ទារុណកម្ម​វាយដំ យ៉ាង​កំរោល ពេលដែល​ពួកគាត់ គ្មាន​ទោសកំហុស​អ្វី​សោះ ហើយ​នៅពេល​ចាប់ខ្លួន ជនរងគ្រោះ​ឈ្មោះ ឆាយ ប៊ុន រួមទាំង​គ្នីគ្នា​ចំនួន ៤​នាក់ ផ្សេងទៀត សមត្ថកិច្ច​អាវុធហត្ថ បាន​ជេរប្រមាថ​វាយដំ ធ្វើ​ទារុណកម្ម ព្រមាន​សម្លាប់​ដូច​សត្វ​ធាតុ បណ្តាល​ឲ្យ​ជនរងគ្រោះ រងរបួស​គ្រាំគ្រា ក្អួត​ធ្លាក់ឈាម ត្រូវបាន​គេ​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​ដល់​អាយុជីវិត​។ កូនស្រី​របស់​ជនរង​គ្រោះ ឈ្មោះ ឆាយ ប៊ុន ក៏​ស្ថិត​ក្នុងចំណោម​មនុស្ស ដែល​ត្រូវធ្វើ​ទារុណកម្ម យ៉ាង​ព្រៃផ្សៃ​ផងដែរ ត្រូវបាន​គេ​អនុញ្ញាត ឲ្យ​មក​មើលថែទាំ​ឪពុក ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ​គ្នីគ្នា​របស់​ជនរងគ្រោះ ៣​នាក់ ផ្សេងទៀត​ត្រូវគេ​ឃុំខ្លួន ក្នុង​ទ្រុង​ដែក​មិនដឹងថា ជនស្លូតត្រង់​ទាំងនោះ នឹងមាន​ជោគវាសនា បែបណា​នោះទេ​។​

​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងផង​ដែរ​ថា អំពើ​ឃោរឃៅ​ធ្វើ​ទារុណកម្ម ដោយ​ខុសច្បាប់ លើ​ប្រជាពលរដ្ឋ​ស្លូត ត្រង់​ប្រព្រឹត្ត​ដោយ​មន្ត្រី​អាវុធហត្ថ គឺ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ ជនរងគ្រោះ​ទាំង ៥​នាក់ រួមមាន ទី​១-​ឈ្មោះ ឆាយ ប៊ុន ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ ត្រូវ​មន្ត្រី​អាវុធហត្ថ វាយ​ឲ្យ​រងរបួស​ធ្ងន់ ក្អួត​ធ្លាក់ឈាម ទី​២-​ឈ្មោះ ប៊ុន សុភាព ភេទ​ស្រី អាយុ ៣១​ឆ្នាំ ត្រូវជា​កូន កំពុង​មើលថែទាំ​ជនរងគ្រោះ នៅ​មន្ទីរពេទ្យ ទី​៣-​ឈ្មោះ ប៊ុន ច​ន្ធូ ភេទ​ស្រី អាយុ ២១​ឆ្នាំ ត្រូវជា​កូន និង ២​នាក់​ទៀត ជា​តៃកុង​រថយន្ត ពុំ​ស្គាល់ឈ្មោះ ហើយ​ឈ្មោះ ប៊ុន ច​ន្ធូ និង​តៃកុង​រថយន្ត​ទាំង ៣​នាក់​នេះ កំពុងស្ថិត​ក្នុង​ការឃុំ​ខ្លួន​ក្នុង​ទ្រុង​ដែក​។ ក្រោយពេល​បែកធ្លាយ នូវ​អំពើ​ឃោរឃៅ​បែបនេះ អភិបាលខេត្ត​ស្ទឹងត្រែង បាន​ចាត់តាំង​លោក ម៉ៅ ធនិន ជា​អភិបាលរង​ខេត្ត ឲ្យ​ចុះមក​សួរសុខទុក្ខ​ជន រងគ្រោះ​នៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​។​

​នៅក្នុង​មន្ទីរពេទ្យ ឈ្មោះ ប៊ុន សុភាព ជា​កូនស្រី​ជនរងគ្រោះ បាន​រៀបរាប់ថា ពួកគាត់​ត្រូវ​មន្ត្រី​អាវុធហត្ថ ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ចាប់​ឃុំឃាំង បញ្ជា​ឲ្យ​ស្រាត​ខោអាវ នៅសល់តែ​ខោ​លី​អូ និង​បង្ខំ​ឲ្យ​ផ្តិតមេដៃ​លើ​កំណត់ហេតុ ដែល​មន្ត្រី​អាវុធហត្ថ រៀបចំ​ទុកជា​ស្រេច ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួកគេ​។ មានការ​រៀបរាប់ថា អំពើហិង្សា និង​ទារុណកម្ម​ដ៏​ឃោរឃៅ​នេះ ផ្តើមចេញពី​ករណី ដែល​ក្រុម​ជនរងគ្រោះ នាំគ្នា​ទៅសុំ​យក​ក្របី ដែល​ត្រូវ​មន្ត្រី​អាវុធហត្ថ​ឃាត់​ចាប់ យោងតាម​ដីកា​សម្រេច របស់​សាលាដំបូង​ខេត្តស្ទឹងត្រែង ព្រោះ​ក្រោយពេល​អាវុធហត្ថ ចាប់​ក្របី​របស់​ជនរងគ្រោះ កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ក៏​មានការ​ប្តឹងផ្តល់​ទៅ​តុលាការ ហើយ​តុលាការ​ក៏បាន​សម្រេច ប្រគល់​ក្របី​ឲ្យ​ជនរងគ្រោះ​វិញ ពេល​ពួកគាត់​ទៅ​ទារ​យក​ក្របី ក៏ត្រូវ​លោក អៀង វ៉ាន់ឌី ចាប់ធ្វើ​ទារុណកម្ម វាយ​ទាត់​ធាក់​គ្មាន​ត្រា​ប្រណី​។

​ករណីនេះ​អភិបាលខេត្ត​ស្ទឹងត្រែង បាន​បញ្ជា​ឲ្យ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ធ្វើ​កោសល្យវិច័យ និង​កសាង​សំណុំរឿង ដើម្បី​នាំ​ជន​ប្រព្រឹត្ត​ខុស ទៅ​ផ្តន្ទាទោស ព្រោះ​តែ​មិនអាច​ទ្រាំ​មើល អំពើ​សាហាវឃោរឃៅ របស់លោក អៀង វ៉ាន់ឌី ហើយ​ករណីនេះ គេ​មិន​ច្បាស់​ទេ​ថា តើ​សមត្ថកិច្ច​អាច​ចាត់ការ​នាំខ្លួន ជនដៃដល់​ទៅ​ផ្តន្ទា​ទោស បាន​ឬក៏​អត់​នោះឡើយ ព្រោះថា​ជនដៃដល់ ដែល​បានធ្វើ​ទារុណកម្ម ដ៏​សាហាវឃោរឃៅ​ទៅលើ ប្រជាពលរដ្ឋ គឺ​ឈ្មោះ អៀង វ៉ាន់ឌី មាន​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ឯក និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង​។ យ៉ាងណាក៏ដោយ ជនរងគ្រោះ​បាន​អំពាវនាវ សុំ​ឲ្យ​មេបញ្ជាការ កង​រាជ​អាវុធ លើ​ផ្ទៃ​ប្រទេស មេត្តា​ចាត់វិធានការ ទៅលើ​លោក អៀង វ៉ាន់ឌី ជាបន្ទាន់​ក្នុងករណី​ប្រើ​អំពើហិង្សា ដ៏​ឃោរឃៅ​លើ​ម្ចាស់​ក្របី បំពាន​ទៅលើ​សិទ្ធិ​ជនស្លូតត្រង់ និង​ផ្ទុយ​ពី​តួនាទី​របស់ខ្លួន​ជា​សមត្ថកិច្ច​៕

Wat Eang Vandy Wat 220122



Source from: watphnom-news.com

No comments:

Post a Comment