លោម ឯម ស៊ីថា ប្រើអំណាចប្រមូលលុយ ពីការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកភ្នំដិន យកទៅច្រកហោប៉ៅផ្ទាល់ខ្លួន ច្រើនជាងការបង់ចូលរដ្ឋ

ខេត្តតាកែវ ៖ សកម្មភាពនាំចូលទំនិញ មកពីស្រុកយួន ឆ្លងកាត់តាមច្រក ព្រំដែនអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ យ៉ាងគគ្រឹកគគ្រេង គឺជាប្រភពចំណូល មិនចេះរីងស្ងួត របស់លោក ឯម ស៊ីថា ដែលជាអនុប្រធាន សាខាគយនិងរដ្ឋាករ ខេត្តតាកែវ និងជាប្រធានការិយាល័យគយ ប្រចាំច្រកព្រំដែនអន្តរជាតិភ្នំដិន។ ដូចដែលក្រុមឈ្មួញមួយចំនួន បានរិះគន់ថា សព្វថ្ងៃពួកគាត់មានការលំបាកខ្លាំងណាស់ ដោយសារតែមន្ត្រីគយ របស់លោក ឯម ស៊ីថា យកពន្ធថ្លៃហួសហេតុ ហើយពេលបង់ពន្ធ មិនមានសរសេរវិក្កយបត្រ ឲ្យបានត្រឹមត្រូវនោះទេ បើនិយាយពីទំនិញ ដឹកតាមឡានវិញ ជំនាញគយរបស់លោក ឯម ស៊ីថា បានត្រូវរ៉ូវជាមួយក្រុមឈ្មួញ សរសេរវិក្កយបត្របង់ពន្ធតែ ៣០ភាគរយ ទុក ៧០ភាគរយចែកគ្នាច្រកហោប៉ៅ យ៉ាងត្រជាក់ចិត្ត។
នៅច្រកព្រំដែនអន្តរជាតិភ្នំដិន នេះមានឈ្មួញជនជាតិយួនជាច្រើន បានដឹកទំនិញតាមម៉ូតូ ជាប្រភេទគ្រឿងហូបចុក និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ យកមកលក់ដូរក្នុងទឹកដីខ្មែរ ដូចគេហែកឋិន ដែលម៉ូតូមួយក្រុមៗ មានប្រមាណ ៥ទៅ១០ គ្រឿង ហើយការឆ្លងដែនដឹកទំនិញ ចូលមកច្រកភ្នំដិន គឺជនជាតិយួនទាំងនោះ ត្រូវបង់លុយឲ្យប៉ុស្តិ៍ជជុះ ដែលប្រចាំការនៅច្រកព្រំដែន ដូចជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ជំនាញគយ និងសមត្ថកិច្ចមិនតិចជាង ១០កន្លែង។ រាល់ការបង់លុយធ្វើតាមរបៀបពុករលួយ គ្មានវិក្កយបត្រនោះទេ គឺជំនាញគយរបស់លោក ឯម ស៊ីថា ហាក់ដូចជាយោគយល់ ចំពោះជនជាតិយួន ប៉ុន្តែសម្រាប់ប្រជារាស្ត្រខ្មែរ ដែលទិញទំនិញបន្តិចបន្តួច យកមកប្រើប្រាស់ជាលក្ខណៈគ្រួសារ ឬលក់ដូររងនូវការ កោសរូសបង្ខំឲ្យបង់ពន្ធ ១០០ភាគរយ គ្មានការយោគយល់ទេ។
ក្រុមឈ្មួញធំៗមួយចំនួន ដែលរកស៊ីដឹកជញ្ជូនគ្រឿងសំណង់ និងទំនិញជាច្រើនប្រភេទ តាមរថយន្តធំៗ ចូលតាមច្រកអន្តរជាតិភ្នំដិន សុទ្ធសឹងជាបក្ខពួក និងជាខ្សែទុយោ របស់លោក ឯម ស៊ីថា មានការសម្របសម្រួល បិទភ្នែកឲ្យនាំចូលទំនិញ បង់ពន្ធមិនគ្រប់ ដូចដែលមន្ត្រីមួយចំនួន បានបង្ហើបឲ្យដឹងថា ទោះជាពេលដែល អគ្គនាយកគយនិងរដ្ឋាករ តម្រូវឲ្យប្រមូលពន្ធ លើការនាំចូលទំនិញឲ្យបាន ១០០ភាគរយ ក៏លោក ឯម ស៊ីថា នៅតែបិទភ្នែក ឲ្យក្រុមឈ្មួញនាំចូល ទំនិញបង់ពន្ធមិនគ្រប់ ដូចមុនដដែលឬគេហៅថា ជាការលួចពន្ធតាមបច្ចេកទេស សរសេរក្នុងវិក្កយបត្រ ប្រមាណ ៣០ភាគរយប៉ុណ្ណោះ ដែលត្រូវបង់ពន្ធចូលរដ្ឋ ហើយនៅសល់ ៧០ភាគរយផ្សេងទៀត ក៏យកទៅបែងចែកភាគរយ ជាមួយម្ចាស់ទំនិញ។
ពេលខ្លះលោក ឯម ស៊ីថា បានអួតអាងថា គ្រាន់តែចាប់ពីថ្ងៃទី០១ ខែមករា ដល់ចុងខែមករា នេះជំនាញគយរបស់គាត់ ប្រមូលពន្ធបានប្រមាណជាង ១៤ពាន់លានរៀល ខណៈដែលផែនការតម្រូវឲ្យប្រមូលពន្ធត្រឹមតែ ១៦ពាន់លានរៀល ប៉ុន្តែប្រសិនបើ មានការប្រមូលពន្ធ ឲ្យបានត្រឹមត្រូវ ឬកុំយកការប្រមូលពន្ធ តាមផែនការមកនិយាយ ច្បាស់ណាស់ដែលថា ស្ថានភាពនៃការនាំចូល ទំនិញគ្រប់ប្រភេទ តាមច្រកអន្តរជាតិភ្នំដិន នេះអាចបង្កើនចំណូលថវិកាជាតិ ច្រើនជាងផែនការដល់ទៅ ៣ដងឯណោះ។ ភាពធូររលុង និងកង្វះឆន្ទៈនៃការប្រមូល ចំណូលពន្ធឲ្យបានត្រឹមត្រូវ របស់លោក ឯម ស៊ីថា បានធ្វើឲ្យក្រុមឈ្មួញជាច្រើន រីកថ្លើមប៉ុនចង្អេរ ក្នុងការនាំចូលទំនិញ បង់ពន្ធមិនគ្រប់យ៉ាងគគ្រឹកគគ្រេង។
គេមិនទាន់គិតដល់ករណី ដែលក្រុមឈ្មួញនាំចូលប្រភេទ ទំនិញខុសច្បាប់ ដូចជាជ្រូកមានជំងឺមកពីស្រុកយួន ត្រីឆ្តោ ត្រីរ៉ស់ ដែលត្រូវបាន ក្រសួងកសិកម្មហាមឃាត់ សុទ្ធតែជាកម្មវត្ថុ ដែលលោក ឯម ស៊ីថា កោសរូសបង្ខំឲ្យក្រុមឈ្មួញ បង់លុយតាមតែទំនើងចិត្ត យកទៅច្រកហោប៉ៅផ្ទាល់ខ្លួន សម្រាប់អភិវឌ្ឍន៍ មុខតំណែងយ៉ាងសុខស្រួល។ លោក ឯម ស៊ីថា ក៏បានចាត់តាំងមន្ត្រី ឲ្យបង្កើតប៉ុស្តិ៍ជជុះ ចាំស្ទាក់ចាប់ទំនិញឬប្រមូលលុយ ពីប្រជាពលរដ្ឋដែល ដឹកជញ្ជូនទំនិញបន្តិចបន្តួច ចូលតាមច្រករបៀង ទាំងតាមផ្លូវទឹកនិងតាមផ្លូវគោក ដែលចំណូលទាំងនោះ ហូរចូលតែហោប៉ៅរបស់ជំនាញគយ ក្រោមបញ្ជារបស់លោក ឯម ស៊ីថា ច្រើនជាង ការបង់ពន្ធចូលរដ្ឋ។ មន្ត្រីគយខ្លះដែលមិនមែនជាខ្សែទុយោ របស់លោក ឯម ស៊ីថា គ្មានឱកាសបានចុះប៉ុស្តិ៍ ប្រមូលលុយពីការហូរចូលទំនិញខុសច្បាប់ ឬទំនិញបង់ពន្ធមិនគ្រប់នោះទេ គឺពួកគេចាំតែទទួលរបប ប្រចាំខែតែប៉ុណ្ណោះ ៕
Source from: watphnom-news.com
No comments:
Post a Comment