បុកបង្គោលភ្លើងដាច់ម៉ូតូ ៣កំណាត់ ផុងថ្ងាសនិងលលាដ៏ក្បាល ស្លាប់ពេលបញ្ជូនដល់ពេទ្យ

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានបើកម៉ូតូ ពេលយប់លឿនដូចហោះ ពេលដល់ផ្លូវកោងខ្លាំង បត់មិនទាន់ក៏ជ្រុល ទៅបុកបង្គោលភ្លើង នៅលើផ្លូវជាតិលេខ៥ មុខសាលាបំពេញវិជ្ជា ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បាក់ម៉ូតូជា ៣ កំណាត់ បែកលលាដ៍ក្បាល និងបាក់ជើង បានស្លាប់យ៉ាងអាណោចអាធ័ម ពេលដឹកទៅដល់មន្ទីរពេទ្យ។
យុវជនរងគ្រោះមានឈ្មោះ កែវ សុភា អាយុ ១៨ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង បានបើកម៉ូតូម៉ាកមីអូ ពណ៌ក្រហម អត់ស្លាកលេខ ចេញពីផ្ទះបើកយ៉ាងលឿន ដល់ចំណុចកើតហេតុ ជាផ្លូវបត់កោង ធ្លាប់មានគ្រោះថ្នាក់ជាញឹកញាប់ ហើយប្រហែលជា បត់មិនទាន់ក៏ជ្រុលទៅបុក បង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលអោយម៉ូតូបាក់ជា ៣កំណាត់។
ជនរងគ្រោះបានខ្ទាតទៅបុក ជាមួយបង្គោលភ្លើងដែក រងរបួសបែកផុងលលាដ៍ក្បាល បាក់ជើង៤កំណាត់ ដេកសន្លប់ក្នុងថ្លុកឈាម គួរអោយតក់ស្លុត។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារលលាដ៍ក្បាល ថ្ងាស់ខាងមុខផុងប៉ល់អស់ទៅហើយ ក៏បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីបញ្ជូនទៅពេទ្យបាន ១៥នាទី៕
Source from: watphnom-news.com