ប្ដឹងស្នងនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ ពីបទធ្វើឲ្យខូចខាតដោយចេតនា

រាជធានីភ្នំពេញ ៖ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ បានដាក់ពាក្យបណ្ដឹង ប្ដឹងលោកស្នងការនគរបាល ខេត្តកំពង់ស្ពឺ និងមន្រ្តីនគរបាលយុត្តិធម៌ ពាក់ព័ន្ធពីបទ ធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ដោយទាមទារសំណងខូចខាត និងសូមឲ្យផ្ទន្ទាទោស លោកស្នងការ និងមន្ត្រីពាក់ព័ន្ធតាមច្បាប់។
យោងតាមពាក្យបណ្តឹង របស់លោកជា មុនីបានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានចាប់យក រថយន្តរបស់សហជីព សេរីកម្មករចំនួន ១គ្រឿង ម៉ាកតាកូម៉ា ព្រមទាំងកូនសោ រថយន្តដោយចោទទុក ជាវត្ថុតាង ក្នុងហេតុការណ៍កម្មករ រោងចក្រសាប្រ៊ីណា ក្នុងស្រុកសំរោងទោង នាំគ្នាធ្វើកូដកម្មទាមទារ លក្ខខណ្ឌការងារល្អប្រសើរ ហើយក៏កើតមានអំពើហិង្សា ប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច និងបុគ្គលិកសហជីព ព្រមទាំងកម្មករ កម្មការិនីរោងចក្រ។
លោក ជា មុនី និយាយថាក្រោយការ ចាប់យកនូវទ្រព្យសម្ភារៈ របស់សហជីពសេរីកម្មករ និងរបស់បុគ្គលិកសហជីព ព្រមទាំងរបស់កម្មករមួយចំនួននោះ សមត្ថកិច្ចនគរបាល មិនបានបញ្ជូនវត្ថុចាប់ យកប្រគល់មកឲ្យស្ថាប័ន តុលាការភ្លាមៗឡើយ ហើយបានធ្វើឲ្យខូចខាតឡាននោះ ទាំងខាងក្នុងនិងខាងក្រៅ ទើបតែនៅថ្ងៃទី៣ ខែមករា បានសមត្ថកិច្ចយកមកប្រគល់ ឲ្យស្ថាប័នតុលាការរក្សាទុក បន្ទាប់ពីដឹងថា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចប្រគល់វត្ថុដែលចាប់ យកឲ្យម្ចាស់ដើមវិញ។
លោក ជាមុនី បានពិនិត្យមើលរថយន្ដ ដែលនគរបាលខេត្តកំពង់ស្ពឺ ចាប់យកនោះ ឃើញមានការខូចខាតយ៉ាងច្រើន ខុសពីស្ថានភាពដើមរបស់រថយន្ដ ជាហេតុធ្វើឲ្យលោកមិនអាចទទួលយកបាន នូវរថយន្តនោះ មកប្រើប្រាស់បានឡើយ។ ក្នុងពាក្យបណ្ដឹង លោក ជា មុនី បានសំណូមពរដូចតទៅ ១- សូមឲ្យមានការផ្ដន្ទាទោស ទៅលើលោកស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ ពាក់ព័ន្ធពីបទ ធ្វើឲ្យខូចខាតដោយចេតនា តាមនីតិវិធីនៃច្បាប់។ ២- សូមឲ្យលោកស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ ពាក់ព័ន្ធរ៉ាប់រងចេញសង ថ្លៃការខូចខាតរថយន្ដ ដែលចាប់យកពីសហជីពសេរីកម្មករ នៃព្រះ រាជាណាចក្រកម្ពុជា៕
Source from: watphnom-news.com