ប្អូនប្រុសអនុប្រធានគណបក្សប្រឆាំងត្រូវបានតែងតាំងមុខតំណែងថ្មី

ឯកឧត្តមឧត្តមសេនីយ៍ទោ កឹម សុខុន នាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃអត្តលេខ១២៦៤៧ ត្រូវជាប្អូនប្រុសឯកឧត្តមកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ចាម សម្រាប់នីតិកាលទី៥ ត្រូវបានតែងតាំងមុខតំណែងថ្មី នៅក្នុងក្រសួងពាណិជ្ជកម្ម បន្ទាប់ពីបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៥ មានឋានៈស្មើរដ្ឋមន្ត្រីដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១៣០៣ ចុះថ្ងៃទី២៦ ខខែវិច្ឆិកា ឆ្នាំ២០១៣ រួចមក ។
មុខតំណែងថ្មីរបស់ឯកឧត្តមឧត្តមសេនីយ៍ទោកឹម សុខុន គឺជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។
ដោយសារមានគុណសម្បត្តិចំពោះគណបក្សប្រជាជនកម្ពុជាខាងជេរប្រទេច ហែកហួរបងប្រុសបង្កើតរបស់ខ្លួនគឺ ឯកឧត្តមកឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិនោះ ឯកឧត្តមឧត្តមសេនីយ៍កឹម សុខុន ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ និងត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ«ផ្កាយ២» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៣/៥៣៣ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ ។ បន្ទាប់មក ឯកឧត្តមឧត្តមសេនីយ៍កឹម សុខុន ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥ មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១៣០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ឥឡូវនេះ ឯកឧត្តមឧត្តមសេនីយ៍កឹម សុខុន បានកាន់មុខតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មហើយដែលមានឯកឧត្តម ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៕
Source from: www.dtn7.com