ទ្រុស្ដមិត្តចាក់សាំងដុតមិត្តភក្ដិជាមន្ត្រីធនាគារជាតិម្នាក់ទាំងរស់ប្លន់យកខ្សែកមាសមួយខ្សែ

មានហេតុការណ៍គួររន្ធត់ និងភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីរាត្រីម៉ោង ២៣ និង៣០ នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៤ ម្សិលមិញនេះ គឺមន្ត្រីធនាគារជាតិសាខាខេត្តកំពង់ចាម ម្នាក់ត្រូវបានមិត្តភក្ដិដែលជាទ្រុស្ដមិត្តចាក់សាំងដុតទាំងរស់រងរបួសឆេះរលាកពេញខ្លួនប្រាណ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដើម្បីប្លន់យកខ្សែកមាសចំនួនមួយខ្សែ ។
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅចំណុចផ្ទះជួល ឋិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានជនរងគ្រោះឈ្មោះ ធុច សាថាត ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្រ្ដីធនាគារជាតិសាខាខេត្តកំពង់ចាម និងជាបុរសពោះម៉ាយកូន២ផង ។
តាមសម្ដីលោក កើត គឹមស្រ៊ី អាយុ៥២ឆ្នាំ ជាម្ចាស់ផ្ទះជួលបានអោយដឹងថា បុរសរងគ្រោះបានមកជួលផ្ទះគាត់ស្នាក់នៅរយៈពេល៥ថ្ងៃហើយ ។ មុនពេលកើតហេតុ ជនរងគ្រោះត្រូវមិត្តភក្ដិហៅទៅផឹកស៊ីនៅខាងក្រៅ និងពេលត្រឡប់មកវិញមានមិត្តភក្ដិម្នាក់មកជាមួយជនរងគ្រោះដែរ ។
បុរសម្ចាស់ផ្ទះបានអោយដឹងទៀតថា មួយសន្ទុះក្រោយមកមិនដឹងមានរឿងអ្វីទេ ស្រាប់តែឃើញអណ្ដាតភ្លើងឆេះចេញពីបន្ទប់ជនរងគ្រោះ និងមិត្តភក្ដិដែលមកជាមួយនោះបានរត់ចេញមកក្រៅគេចខ្លួនយ៉ាងតក់ក្រហល់ដោយមានធុំក្លិនសាំងជាប់ខ្លួនផង ។ ភ្លាមៗនោះគាត់បានដើរទៅមើល ឃើញជនរងគ្រោះត្រូវភ្លើងឆេះរលាកពេញខ្លួនប្រាណ ហើយគាត់បានបាញ់ពន្លត់ភ្លើងក្នុងបន្ទប់ រួចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្ត តែស្ថានភាពធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្តទៅរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់ដល់មន្ទីរពេទ្យនៅភ្នំពេញផង ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវ ខណៈដែល ខ្សែកមាសមួយខ្សែប៉ុនកូនដៃដែលជនរងគ្រោះធ្លាប់ពាក់ត្រូវបានបាត់ ។
សពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវតាមវែកមុខជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ៕

Source from: www.dtn7.com

Loading...
Loading...