នាងក្រមុំជានិស្សិត សម្ងំសេពគ្រឿងញៀននៅឡឥដ្ឋភ្លេចសាលា ត្រូវប៉ូលីសឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ប៉ុស្ដិ៍រដ្ឋបាលជើងឯក បានឃាត់ខ្លួននាងក្រមុំម្នាក់ ត្រូវជាកូនស្រីរបស់មន្ដ្រី សាលាសង្កាត់ដង្កោ កាលពីវេលាម៉ោង ៥និង៥០ នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចឡឥដ្ឋចាស់ ស្ថិតក្នុងភូមិរលួសសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ថ្នាំញៀន ។
នាងក្រមុំជាជនសង្ស័យ ដែលត្រូវឃាត់ខ្លួន មានឈ្មោះ ឡន ផល្លី អាយុ ១៩ឆ្នាំ ជានិស្សិត មានទីលំនៅក្នុងភូមិខ្វាកើត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវជាកូនស្រីរបស់ មន្ដ្រីសាលាសង្កាត់ដង្កោម្នាក់ ។ មុនពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការល្បាត ក្នុងមូលដ្ឋាន ពេលទៅដល់ចំណុចឡឥដ្ឋចាស់ ដោយមានការសង្ស័យក៏ចូលទៅមើល ឃើញមនុស្សប្រុស ២នាក់ ដែលរត់គេចខ្លួន និងស្រីម្នាក់ រត់មិនទាន់ នៅក្នុងឡឥដ្ឋដំបូលទូកនោះ ក៏ឃាត់ខ្លួនដើម្បីសួរនាំ និងដកហូតបានវត្ថុតាង ប្រដាប់ជក់ថ្នាំញៀន។
បន្ទាប់ពីសួរនាំរួច ជនសង្ស័យត្រូវបានកសាង សំណុំរឿងបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ ដោយឡែកលោកប្រធានភូមិរលួស បានឱ្យដឹងថា ទីតាំងឡឥដ្ឋចាស់នេះ ជាកន្លែងប្រមូលផ្ដុំក្មេងៗជក់ថ្នាំញៀន ក៏ប៉ុន្ដែកន្លងមក នគរបាលប៉ុស្ដិ៍ មិនដែលចាប់អារម្មណ៍ទេ បើទោះបីជាមានការ រាយការណ៍ពីអ្នកភូមិក៏ដោយហើយមនុស្សប្រុស ដែលរត់គេចខ្លួនបាត់នោះ ក៏ធ្លាប់មានដីកាចាប់ខ្លួនដែរ ពាក់ព័ន្ធករណីសេពថ្នាំញៀន៕
Source from: watphnom-news.com