នារីបម្រើការងារនៅកាស៊ីណូ ឌ្រីមវើល៍ ត្រូវចោរឆក់កាបូប ដួលផ្កាប់មុខហើមថ្ពាល់ខាងឆ្វេង

ក្រុងប៉ោយប៉ែត ៖ នារីម្នាក់ជិះម៉ូតូ ស្គុបពីស៊េរីឆ្នាំ២០១៤ ត្រូវបានក្រុមចោរមានគ្នា ២នាក់ ឆក់យកកាបូបស្ពាយចំហៀង ក្នុងនោះមានលុយ និងទូរស័ព្ទចំនួន ២គ្រឿង បណ្តាលឲ្យដួលរងរបួសយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៤០ នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចមុខវត្តសូរិយារាម ហៅវត្តថ្មី ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាក្សីបានឲ្យដឹងថា ក្រោយពីបានឃើញ ក្រុមចោរឆក់យកកាបូបនារីរងគ្រោះ បណ្តាលឲ្យនាង ដួលផ្កាប់មុខ ចំណែកម៉ូតូបានរងការខូចខាត ជាច្រើនកន្លែង ត្រូវបានអ្នកជិតខាង ជួយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន។ នារីរងគ្រោះមានឈ្មោះ អ៊ីង ដារី ហៅវិន អាយុ ២៨ឆ្នាំ មានមុខរប ជាបុគ្គលិកកាស៊ីណូ ឌ្រីមវើល៍ មានលំនៅឋាន ក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុង ប៉ោយប៉ែត។
នារីរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយពេលចេញពី កន្លែងមិត្តភក្ដិលក់តុក្កតា និងគ្រឿងអនុស្សារីយ៍ ខ្លួនក៏បានជិះម៉ូតូ ម៉ាកស្គុបពី ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរទៅផ្ទះ ស្រាប់តែជិះម៉ូតូ ទៅដល់កន្លែងស្ងាត់បន្តិច ក៏លេចមុខក្រុមចោរ ឆក់កាបូបស្ពាយចំហៀង មួយទំហឹងបណ្តាលឲ្យដួលម៉ូតូ ហើយនាងបានផ្កាប់មុខ រងរបួសហើមថ្ពាល់ខាងឆ្វេង របួសដៃខាងឆ្វេង និងជង្គង់ផងដែរ។
ចំណែកក្រុមចោរឆក់នោះ នាងមិនបានឃើញមុខច្បាស់ទេ ពីព្រោះកន្លែងកើតហេតុ មានភាពងងឹត គ្រាន់តែនាងចាំបានថា ចោរឆក់មានគ្នា ២នាក់ និងជិះម៉ូតូម៉ាកឌ្រីម ស៊េរីថ្មីរីឯស្លាកលេខ នាងមិនចាំទេ ។ នារីរងគ្រោះបានបញ្ជាក់ថា ក្នុងកាបូបស្ពាយនោះ មានកាបូបលុយ ក្នុងមានលុយចំនួន ១ម៉ឺន២ ពាន់បាត ទូរស័ព្ទម៉ាកអាយហ្វូន៥ មួយគ្រឿង ទូរស័ព្ទណូគា មួយគ្រឿង កាតធនាគារ មួយសន្លឹកនិង អត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ មួយសន្លឹក៕
Source from: watphnom-news.com