លោក គោ ស៊ុំសារឿត ឡើងធ្វើជាអភិបាលខេត្តបន្ទាយមានជ័យ ក្នុងស្ថានភាពចម្រូងចម្រាស់ និងគ្មានសមត្ថភាពដោះស្រាយ ការងារប្រចាំថ្ងៃ

ខេត្តបន្ទាយមានជ័យ ៖ ប្រធានគណៈអភិបាល ខេត្តបន្ទាយមានជ័យ ត្រូវបានផ្លាស់ប្តូរ ញឹកញាប់ជាងគេ បើប្រៀបធៀបជាមួយ បណ្តាខេត្តក្រុង នៅទូទាំងប្រទេសកម្ពុជា ហើយទឹកដីទល់ដែនមួយនេះ មិនត្រឹមតែមានបញ្ហាក្តៅគគុក ពាក់ព័ន្ធរឿងអាស្រូវ ពុករលួយនោះទេ សូម្បីតែបញ្ហាដីធ្លីក៏មាន ភាពរំជើបរំជួល មិនធម្មតាដែរ។ ហើយចុងក្រោយលោក គោ ស៊ុំសារឿត ដែលធ្លាប់មាន ស្នាមពុករលួយអំឡុងពេល ធ្វើជាប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប ត្រូវបានតែងតាំង ជាអភិបាល ខេត្តបន្ទាយមានជ័យ ក៏បញ្ហារកាំរកូស នៅតែកើតមាន ដោយមន្ត្រីខ្លះមិនពេញចិត្ត ចំពោះរបៀបរបបការងារ របស់លោក គោ ស៊ុំសារឿត ទេ ហើយបញ្ហាជាច្រើនទៀត ដែលប្រជាពលរដ្ឋឡើងទៅ ធ្វើបាតុកម្មតវ៉ានៅមុខសាលាខេត្ត ជារឿយៗ ក៏លោក គោ ស៊ុំសារឿត ក៏គ្មានសមត្ថភាពដោះស្រាយដែរ។
មន្ត្រីតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា ក្នុងជួរថ្នាក់ដឹកនាំ សាលាខេត្តបន្ទាយមានជ័យ មិនសូវចុះសម្រុងជាមួយគ្នាទេ តាំងពីមានការផ្លាស់ប្តូរតំណែង លោក អ៊ុង អឿន មកម្ល៉េះ ពោលគឺក្រោយពេលតែងតាំងលោក ទ្រី ណារិន ឲ្យឡើងធ្វើជា អភិបាលខេត្តបន្ទាយមានជ័យ ធ្វើឲ្យថ្នាក់អភិបាលរងខេត្ត ជាច្រើនមិនសប្បាយចិត្ត ព្រោះលោក ទ្រី ណារិន មានវ័យក្មេង បទពិសោធន៍ការងារ និងលុយកាក់ ក៏តិចជាងពួកគេ ហើយក្រោយពេលលោក ទ្រី ណារិន បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ ថ្នាក់អភិបាលរង មួយចំនួនបានរត់ការ ខ្វែងខ្វាត់ដើម្បីឡើង ធ្វើជាអភិបាល ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែមិនសមតាមបំណង ក៏កើតចេញជារូបភាព ផ្តល់មតិយោបល់ឲ្យក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលរៀបចំ ជ្រើសតាំងអភិបាលខេត្ត ចេញពីជួរអភិបាលរង ឬមន្ត្រីក្នុងសាលាខេត្ត ដែលមានអតីតភាពការងារយូរឆ្នាំ ស្គាល់កន្លុកកន្លៀតភូមិសាស្ត្រ និងយល់ដឹងពីការងារក្នុងខេត្ត ឲ្យឡើងធ្វើជាអភិបាលខេត្ត មិនចង់បានមន្ត្រី មកពីខាងក្រៅនោះទេ។
តាមរយៈរូបភាពនេះ គេអាចវាយតម្លៃបានថា តាំងពីពេលបែកធ្លាយព័ត៌មាន នៃការតែងតាំង លោក គោ ស៊ុំសារឿត ឲ្យឡើងមកធ្វើជា អភិបាលខេត្តបន្ទាយមានជ័យ គឺថ្នាក់អភិបាលរងជាច្រើន មិនពេញចិត្តរួចទៅហើយ ក៏ព្រោះតែលោក គោ ស៊ុំសារឿត មិនមែនជាមន្ត្រី ធ្លាប់បម្រើការងារក្នុងខេត្តនេះ ត្រូវចំណាយពេលវេលា រៀនសូត្រច្រើនពី របៀបរបបដឹកនាំ ក៏ដូចជាការស្វែងរកដំណោះស្រាយ លើបញ្ហាផ្សេងៗដែលកើតមាន ក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់ភូមិសាស្ត្រដ៏ស្មុគស្មាញមួយ។ យ៉ាងណាក៏ដោយ ក្នុងថ្ងៃរៀបចំពិធី ប្រកាសតែងតាំង មុខតំណែងលោក គោ ស៊ុំសារឿត ជាអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីខ្លះសប្បាយ តែសម្បកក្រៅទេ គឺក្នុងចិត្តរបស់ពួកគេរងកម្ម ឈឺចាប់ខ្លាំងណាស់ ដោយសារតែខ្លួន ធ្វើជាអភិបាលរង ច្រើនឆ្នាំអត់បានឡើងធ្វើជាអភិបាលខេត្ត បែរជាលោក គោ ស៊ុំសារឿត មានឆ្អឹងអណ្តែត មកធ្វើជាអភិបាលខេត្តបន្ទាយមានជ័យ ប្រកបដោយភាពអំណួត បើនិយាយពីអំណាច និងលុយកាក់ មិនដឹងជាលោក គោ ស៊ុំសារឿត យកទៅធ្វើអ្វីអស់ទេ។
មន្ត្រីខ្លះធ្លាប់បានរំលឹក ពីអតីតភាពការងារ របស់លោក គោ ស៊ុំសារឿត ដែលក្នុងនាមជា ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប មានពាក់ព័ន្ធ ជាមួយរឿងអាស្រូវ ពុករលួយ នៃការលក់សំបុត្រ ឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលទស្សនាប្រាសាទអង្គរ រហូតត្រូវបានថ្នាក់លើ ដកមកបញ្ឈរជើងនៅក្រសួងទេសចរណ៍ ប៉ុន្តែលោក គោ ស៊ុំសារឿត បានស្វែងរកខ្សែទុយោ និងចំណាយសព្វបែបយ៉ាង ដើម្បីរក្សាអំណាច និងឥទ្ធិពលរបស់គាត់ រហូតអាចជ្រែទៅធ្វើ ជាអភិបាលខេត្តបន្ទាយមានជ័យ ក្នុងស្ថានភាព ដ៏ចម្រូងចម្រាស។ បញ្ហាចាប់ផ្តើមកើតមាន នៅពេលដែលលោក គោ ស៊ុំសារឿត បើកកិច្ចប្រជុំម្តងៗ មន្ត្រីមួយចំនួនដែលមាន ខ្នងបង្អែកគ្រាក់ៗ ហាក់ដូចជាមិនសូវស្តាប់ មតិយោបល់ឬការណែនាំ របស់លោក គោ ស៊ុំសារឿត ក្នុងនាមជា អភិបាលខេត្តនោះទេ ឈានដល់ការបណ្តេញ មន្ត្រីម្នាក់ចេញពីអង្គប្រជុំ។
សម្រាប់ករណីនេះ មន្ត្រីមួយចំនួនបានលើក ជាយោបល់ថា លោក គោ ស៊ុំសារឿត គួរតែកោះហៅមន្ត្រីដែលប្រព្រឹត្តខុស ទៅអប់រំទូន្មានស្ងាត់ៗ ដែលយ៉ាងហោចណាស់ បង្ហាញពីរបៀបនៃការដឹកនាំ ប្រកបដោយសីលធម៌។ មានបញ្ហាជាច្រើនទៀត ដែលបង្ហាញឲ្យឃើញ ពីភាពអសកម្មរបស់ លោក គោ ស៊ុំសារឿត ដែលត្រូវចំណាយពេល យ៉ាងហោចណាស់ ១ឆ្នាំ ដើម្បីសិក្សារឿងរ៉ាវផ្សេងៗ ដែលកើតមាន ក្នុងខេត្តបន្ទាយមានជ័យ ជាក់ស្តែងប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លី នៅក្រុងប៉ោយប៉ែត បាននាំគ្នាតវ៉ាទាមទារឲ្យ សាលាខេត្តបន្ទាយមានជ័យ ជួយដោះស្រាយប៉ុន្មានលើករួចមកហើយ រហូតមកដល់ពេលនេះ មិនទាន់ឃើញសាច់ការអ្វីទាំងអស់ ហើយការដឹកនាំដែលមានភាពចម្រូងចម្រាស ជាមួយមន្ត្រីថ្នាក់ក្រោម ដែលមានខ្នងបង្អែក គ្រាក់ៗផងដែរនោះ ធ្វើឲ្យលោក គោ ស៊ុំសារឿត ខ្វល់ខ្វាយ ហើយការងារគ្រប់បែបយ៉ាង ក៏មិនសូវមានប្រសិទ្ធភាពផងដែរ៕
Source from: watphnom-news.com