ឆ្លងចរន្តអគ្គិសនីឆេះអគារមន្ទីរពេទ្យ ព្រះកេតុមាលា អ្នកជំងឺនិងគ្រូពេទ្យរត់ចែកជើងគ្នា

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងអគារមន្ទីរពេទ្យ ព្រះកេតុមាលា កាលពីវេលាម៉ោង ៥និង១៥ នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឲ្យអ្នកជំងឺ និងក្រុមគ្រូពេទ្យរត់ចែកជើងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល តែសំណាងល្អមិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានភ្លើងផ្សែងហុយ ចេញពីអគារមួយខ្នង ក្នុងមន្ទីរពេទ្យព្រះកេតុមាលា ភ្លាមៗនោះក្រុមគ្រូពេទ្យ អ្នកជំងឺរួម និងប្រជាពលរដ្ឋដែលរស់នៅ ក្បែរកន្លែងកើតហេតុ បាននាំគ្នាទៅជួយអន្ដរាគមន៍ ដោយអ្នកខ្លះតទុយោទឹក អ្នកខ្លះយក បំពង់ពន្លត់អគ្គិភ័យ អ្នកខ្លះបានហៅរថយន្ដ ពន្លត់អគ្គិភ័យ មកជួយបាញ់ទឹកពន្លត់ ។
អគារមួយខ្នង ដែលឆាបឆេះទាំងស្រុង នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា មាន ៣បន្ទប់គឺជាអគារអង្គការបម្រើ សេវាសង្គមដើមឈើសប្បាយ (អគារឥន្ទធនូ) ហើយមានទំហំប្រហែល ៦ម៉ែត្រ ៤ ជ្រុង បានឆេះដោយសារឆ្លងចរន្ដអគ្គិសនី។ អគ្គិភ័យនេះបណ្ដាលឱ្យខូចខាតចាន ឆ្នាំង តុ ទូ ខោអាវមួយចំនួន ប៉ុន្ដែសំណាងល្អមិនមានអ្នករងរបួសនោះទេ ដោយសារតែរថយន្ដពន្លត់អគ្គិភ័យ មកជួយអន្ដរាគមន៍ ទាន់ពេលវេលា៕
Source from: watphnom-news.com
No comments:
Post a Comment