បុរសស្ត្រី ២នាក់ប្តីប្រពន្ធ នាំគ្នារកស៊ីចែកចាយគ្រឿងញៀន ដើម្បីបានបានកម្រៃចិញ្ចឹមជីវិត

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាល ស្រុកសំពៅលូន បានឃាត់ខ្លួនបុរសស្ត្រី ២នាក់ ប្តីប្រពន្ធ កាលពីវេលាម៉ោង ១និង៣០ នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមដងផ្លូវអភិវឌ្ឍន៍ ត្រង់ចំណុចភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈដែលពួកគេ កំពុងចែកចាយគ្រឿងញៀនខុសច្បាប់ ដោយថ្នាំញៀន ៩គ្រាប់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ចាត់ការបន្តតាមផ្លូវច្បាប់។
លោក ឈិត សេង អធិការរងស្រុកសំពៅលូន បានឲ្យដឹងថា សមត្ថកិច្ចទទួលព័ត៌មានថា មានករណីជួញដូរគ្រឿងញៀន ក៏ដាក់កម្លាំងសម្ងាត់ទំនាក់ទំនងទិញ ក្រោយមកមានជនសង្ស័យ ២នាក់ បានទូរស័ព្ទណាត់លក់ថ្នាំញៀន ហើយរូបលោកដាក់កម្លាំងាឃ្លាំមើល រហូតមុខសញ្ញាចេញមក ក៏ឃាត់ខ្លួនតែម្តង។ ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនរួមមានឈ្មោះ បូរ ចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំជាប្តី និងឈ្មោះ ធី នី អាយុ ២៤ឆ្នាំ ជាប្រពន្ធរស់នៅ ភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ដោយដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន ៩គ្រាប់។
ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំនេះ ពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ យកមកលក់បន្ត គ្រាន់បានកម្រៃចិញ្ចឹមជីវិត ហើយពួកគេធ្លាប់ប្រើប្រាស់ និងលួចលក់ចំនួន ៣ឆ្នាំមកហើយ។ លោក ឈិត សេង អធិការរងស្រុកសំពៅលូន បានបញ្ជាក់ថាជនសង្ស័យ ២នាក់ប្តីប្រពន្ធ និងថ្នាំញៀន ៩គ្រាប់ សមត្ថកិច្ចបានកសាងសំណុំរឿង ពីបទចែកចាយគ្រឿងញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋាន នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ ដោយ សុខជា
Source from: watphnom-news.com