ឡានដឹកសាំងក្រុមហ៊ុនតេលា បើកបុកម៉ូតូកិនស្ត្រីម្នាក់ខ្ទេចមួយកំណាត់ខ្លួន ស្លាប់យ៉ាងវេទនា

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយអ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈដែលពួកគេកំពុង ធ្វើដំណើរតាមម៉ូតូមួយគ្រឿង ក៏ត្រូវបានរថយន្តដឹកប្រេង របស់ក្រុមហ៊ុនតេលា បើកបុកនិងកិនពីលើ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្នុង ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល ហើយភ្លាមៗនោះ រថយន្តបង្កបានបើករត់គេច រហូតស្រុកស្អាង ត្រង់ចំណុចគល់ស្ពានលេខ៤០ ទើបសមត្ថកិច្ចតាមឃាត់ចាប់បាន។
សាក្សីបានឲ្យដឹងថា រថយន្តបង្កម៉ាក អ៊ីស៊ុយស៊ុយ ពណ៌ខៀវលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3C-1636 ពាក់លេខសម្គាល់៤០៦ ជាប្រភេទរថយន្តស៊ីទែនដឹកប្រេងរបស់ ក្រុមហ៊ុនកម្ពុជាតេលា បើកបរដោយឈ្មោះ វ៉ា វិបុល ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ សាន់ មួយឡេង អាយុ ៤៥ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-3956 និងអ្នករួមដំណើរម្នាក់ រងរបួសធ្ងន់មានឈ្មោះ សាន់ មួយលី ភេទស្រី អាយុ ៤២ឆ្នាំ ជនរងគ្រោះទាំង ២នាក់ ត្រូវជាបងប្អូនបង្កើតនិងគ្នា មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក បើកបរតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីស្រុកកោះធំ ចូលមកស្រុកស្អាង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ ពុំដឹងជាមានរឿងអ្វីនោះទេ ស្រាប់តែរថយន្តបង្ក បានរេចង្កូតទៅឆ្វេងដៃ ឆ្លងផុតកណ្តាលទ្រូងផ្លូវ ជ្រុលទៅបុកម៉ូតូរបស់ស្ត្រីរងគ្រោះ ចំបញ្ឆិតរថយន្តផ្នែកខាងមុខ ធ្វើឲ្យម៉ូតូដួលខ្ទាតអ្នកបើកបរម៉ូតូចូលក្រោមកង់រថយន្ត កិនខ្ទេចមួយកំណាត់ ត្រឹមពោះចុះមកក្រោម ស្លាប់យ៉ាងអាណោចអាធ័មបំផុត ហើយអ្នករួមដំណើរបាន រងរបួសយ៉ាងធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅលើផ្លូវជាតិ៕
Source from: watphnom-news.com
No comments:
Post a Comment