លោកឧត្តមសេនីយ៍ម្នាក់ត្រូវស្រីស្នេហ៍លួចលាក់ប្តឹងពីបទគំរាមសម្លាប់ពេលនាងសុំចែកផ្លូវ

ស្ត្រីរូបស្រស់ដែលជាស្រីស្នេហ៍លួចលាក់អស់រយៈពេលជាង០១ខែ ជាមួយលោកឧត្តមសេនីយ៍យោធាម្នាក់ បានសម្រេចចិត្តដាក់ពាក្យប្តឹងលោកឧត្តមសេនីយ៍ដែលជាប្រុសស្នេហ៍របស់ខ្លួនពីបទគំរាមសម្លាប់ ខណៈដែលនាងសុំចែកផ្លូវគ្នាជាមួយឧត្តមសេនីយ៍រូបនោះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាព្រឹកនាថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៤នេះ។
ពាក្យបណ្តឹងរបស់ស្ត្រីរូបស្រស់ឈ្មោះ ក.ព.ស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាស្រីស្នេហ៍លួចលាក់របស់លោកឧត្តមសេនីយ៍ត្រីយោធាម្នាក់ឈ្មោះ ចាន់ ស្រ៊ុន អាយុ៤៨ឆ្នាំ បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលរដ្ឋបាលទួលសង្កែថា នាងនិងលោកឧត្តមសេនីយ៍បានមានសម្ព័ន្ធសេ្នហាលួចលាក់ជាមួយគ្នាអស់រយៈពេលជាង០១ខែមកហើយ ។ ក្រោយមក ទើបនាងបានដឹងថា លោកឧត្តមសេនីយ៍មានប្រពន្ធកូនដែលលែងលះគ្នាមិនទាន់ដាច់ស្រេចនៅឡើយ ព្រមទាំងមានចរិតកាចសាហាវថែមទៀត ជាហេតុធ្វើឲ្យនាងនិយាយស្នើសុំចែកផ្លូវគ្នាពីលោកឧត្តមសេនីយ៍រូបនេះ ។ លុះនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ នាងបានទទួលទូរស័ព្ទពីលោកឧត្តមសេនីយ៍ ដោយលោកឧត្តមសេនីយ៍មានការខឹងសម្បាយ៉ាងខ្លាំង និងធ្វើការគំរាមកំហែងមកលើរូបនាងថា "បើហ៊ានបែក ប្រយ័ត្នបាត់ខ្លួន" ធ្វើឲ្យនាងមានអារម្មណ៍ភិតភ័យយ៉ាងខ្លាំង ហើយក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែតែម្តង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ បានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងពីនារីរងគ្រោះរួចមក លោកឧត្តមសេនីយ៍យោធារូបនេះបានសម្រេចព្រមព្រៀងគ្នាជាមួយនារីរងគ្រោះថា នឹងឈប់ទាក់ទងគ្នាតទៅទៀតហើយ ដោយមានការបង់ប្រាក់ជាចំណងដៃជូនទៅស្ត្រីរងគ្រោះក្នុងសម្ព័ន្ធស្នេហាលួចលាក់នេះផង ។
គេមិនដឹងប្រាកដច្បាស់ថា សម្ព័ន្ធស្នេហាលួចលាក់របស់លោកឧត្តមសេនីយ៍ត្រី ចាន់ ស្រ៊ុន ជាមួយនារីរងគ្រោះបានឮខ្ចរខ្ចាយទៅដល់ប្រពន្ធកូនរបស់លោកឧត្តមសេនីយ៍ដែរឬយ៉ាងណានោះទេ ។
លោក ចាន់ ស្រ៊ុន អាយុ៤៨ឆ្នាំ ជានាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១១៧៤៤ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/៧៣២ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៨ ៕
Source from: www.dtn7.com
No comments:
Post a Comment