មន្ត្រីគយម្នាក់មានកាំភ្លើងខ្លីសៀតចង្កេះ រងនូវការប្តឹងពីបទអុកឡុក ក្នុងហាងថតរូបម៉ីម៉ី

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីគយម្នាក់បានទៅអុកឡុក នៅហាងថតរូបម៉ីម៉ី បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅក្រោយសណ្ឋាគារនាគមាស នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយទីបំផុតម្ចាស់ហាង បានសម្រេចចិត្តប្ដឹងមន្ត្រីគយម្នាក់នោះ ពីជេរប្រមាថនិងអុកឡុកកន្លែងរកស៊ី របស់ប្រជាពលរដ្ឋផងដែរ។
សាក្សីបានឲ្យដឹងថា ជនបង្កមានឈ្មោះ ខេន សាំងឡេន ភេទប្រុស អាយុខ្ទង់ជិត ៥០ឆ្នាំ ជាមន្ត្រីគយសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ។ មុនកើតហេតុលោក ខេន សាំងឡេនបានទៅផ្តិតរូបថត ៥សន្លឹកធំៗ នៅហាង ថតនិងផ្តិតរូបម៉ីម៉ី ហើយកុម្ម៉ង់ដាក់ស៊ុម ឲ្យបានធំផង។ ដល់ពេលរៀបចំរួចរាល់ ម្ចាស់ហាងបានឲ្យម៉ូតូឌុប យករូបនោះទៅដល់សាខាគយខេត្ត តែលោក ខេន សាំងឡេន និយាយថា ស៊ុមនោះធំពេកហើយ ក៏អោយអ្នករត់ម៉ូតូ ឌុបគាត់មកហាងនោះដើម្បីប្តូរវិញ។
បន្ទាប់មកទៀតម្ចាស់ហាងបានប្ដូរស៊ុមរូបថត និងអោយលុយសល់ពីការប្តូរស៊ុមធំមកស៊ុមតូចវិញ មិនធ្វើឲ្យអតិថិជន ទើសចិត្តនោះទេ។ ប៉ុន្តែលោក ខេន សាំងឡេន បាននិយាយឡូឡា ជេរប្រមាថ និងអោយម្ចាស់ហាង សងថ្លៃឈ្នួលម៉ូតូឌុបចំនួន ២ម៉ឺនរៀល ដោយអះអាងថា ខាតបង់ពេលវេលា ដ៏មានតម្លៃរបស់ខ្លួន។ ម្ចាស់ហាងបានចោទប្រកាន់ថា មន្ត្រីគយរូបនោះមានទាំងកាំភ្លើងសៀតចង្កេះ គំរាមកំហែងពួកគេផងដែរ ជាការរំលោភសិទ្ធិប្រជាពលរដ្ឋ។
លោក ខេន សាំងឡេន មិនអាចសុំការបំភ្លឺ ដោយផ្ទាល់បានទេ តែប្រភពពីមន្ត្រីផ្សេងបានឲ្យដឹងថា គាត់ប្ដូរចរិតជិត ២ឆ្នាំមកហើយ ថែមទាំងដើរផ្សព្វផ្សាយពីសេវាកម្ម ផ្ដល់ការងារឲ្យប្រជាពលរដ្ឋ សេវាកម្មផ្ដល់ប្រាក់ឥណទាន សេវាកម្មផ្គត់ផ្គង់ទំនិញ ចង់ឲ្យប្រជាពលរដ្ឋក្រីក្រ មានជីវភាពធូរធារគ្រប់ៗគ្នា។ យ៉ាងណាក៏ដោយបុគ្គលិក ហាងម៉ីម៉ី នៅតែមានការភិតភ័យ ព្រោះខ្លាចលោក ខេន សាំងឡេន ដែលមានកាំភ្លើង អាចមកបង្កជម្លោះ និងធ្វើការគំរាមកំហែងដល់ពួកគេ នៅថ្ងៃណាមួយចៀសមិនផុតឡើយ៕
Source from: watphnom-news.com
No comments:
Post a Comment