ខឹងប្អូនថ្លៃហាមមិនឲ្យទៅធ្វើការងារនៅស្រុកថៃ យកកាំបិតកាប់ដាច់ត្រចៀក ក្នុងវង់ផឹកស៊ី

ខេត្តបាត់ដំបង ៖ បុរសម្នាក់ស្រវឹងស្រាខឹងប្អូនថ្លៃហាមឃាត់ មិនឲ្យទៅធ្វើការងារនៅប្រទេសថៃ បានវាយតប់គ្នាទៅវិញទៅមក រួចយកកាំបិតកាប់ដាច់ត្រចៀក កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតៀមស្រាក្បែរភ្នំហេងដាន ក្នុងភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយបុរសសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅម៉ោង ២រសៀលថ្ងៃដដែល ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក បានអោយដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ យ៉ាន ឡេង អាយុ ៣៤ឆ្នាំ ជាកម្មករត្រូវជាបងថ្លៃជនរងគ្រោះ ដោយដកហូតវត្ថុតាង កាំបិតខ្វែវចំនួនមួយ។ ចំណែកបុរសរងគ្រោះជាប្អូនថ្លៃ មានឈ្មោះ អ៊ុន វុទ្ធី អាយុ ២៩ឆ្នាំ រងរបួសដាច់ស្លឹកត្រចៀកឆ្វេង ប្រវែង ១០សង់ទីម៉ែត្រ មានជម្រៅដល់លលាដ៏ក្បាល ហើយអ្នកទាំង២ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ។
បុរសរងគ្រោះជាប្អូនថ្លៃឈ្មោះ អ៊ុន វុទ្ធី បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកខ្លួនបានអង្គុយហូបស្រាជាមួយគ្នា ដោយជជែកពីការងារ ហើយបងថ្លៃ គាត់អួតពីរឿងធ្វើការងារនៅប្រទេសថៃដែលបានកំរៃខ្ពស់ ខ្លួនក៏បាននិយាយថា ការងារនៅប្រទេសគេ បានប្រាក់ឈ្នួលខ្ពស់មែន តែបើគិតដកថ្លៃឈ្នួល ផ្ទះហូបចុក វាមិនខុសគ្នាពីការងារ នៅប្រទេសកម្ពុជាទេ។ម្យ៉ាងទៀតនៅប្រទេសថៃ សម្បូរអ្នកបោកអ្នកខ្លះត្រឡប់មកវិញ គ្មានប្រាក់ក៏មានដែរ ដូច្នេះមិនបាច់ទៅទេ បន្ទាប់មកបងថ្លៃ បានស្ទុះមកវាយខ្លួន ហើយខ្លួនក៏តដៃវាយបងថ្លៃវិញ ហើយគាត់ក៏ស្ទុះទៅយកកាំបិតខ្វែវ មកកាប់ខ្លួនចំស្លឹកត្រចៀក ដាច់ចេញឈាមតែម្តង។
បុរសសង្ស័យឈ្មោះ យ៉ាន ឡេង បានសារភាពថា ពេលផឹកស៊ីស្រាវឹង ប្អូនថ្លៃវានិយាយហាមឃាត់ បំណងរបស់ខ្លួន ចង់ទៅរកការងារធ្វើ នៅប្រទេសថៃ ដោយលើកហេតុផលផ្សេងៗហើយខ្លួនខឹងខ្លាំងពេក ក៏វាយវានិងយកកាំបិតខ្វែវ កាប់វាអោយរបួសតែម្តងទៅ។ លោកអធិការរង បានបញ្ជាក់ថា យោងលើវត្ថុតាង និងចម្លើយសារភាពស៊ីសង្វាក់គ្នាដូច្នេះ បុរសសង្ស័យត្រូវរៀបចំ កសាងសំណុំរឿង ពីបទហិង្សាដោយចេតនា បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ សុខជា
Source from: watphnom-news.com
No comments:
Post a Comment