ឡានបើកបុកម៉ូតូធុនធំខ្ទាតជាង ៥ម៉ែត្រ របួសធ្ងន់ម្នាក់ ហើយបើករត់បាត់ស្រមោល

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈដែលពួកគេកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តបើកបុក យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២និង៣០ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ កែងផ្លូវលេខ២៣២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក FZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BV 0294 ឌុបគ្នាតាមបណ្តោយ ផ្លូវលេខ២៣២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកស៊ីអរវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2C-6459 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន បានជ្រុលចង្កូតទៅបុកម៉ូតូ FZ យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតជាង ៥ម៉ែត្រ ហើយអ្នកបើកម៉ូតូ រងរបួសបាក់ជើង និងម្នាក់ទៀតរងរបួស ស្រាល។ ឃើញសភាពមិនស្រួល អ្នកបើកបររថយន្ត បានបន្ថែមល្បឿន គេចបាត់ស្រមោល ហើយជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ភ្លាមៗផងដែរ៕
Source from: watphnom-news.com