ឡង់គ្រីស័របុកខឿនថ្មមុខផ្ទះសំណាក់ ស៊ុមឌី បណ្ដាលឱ្យបែកកង់ក្រឡាប់ ៥-៦ត្រឡប់

ខេត្ដមណ្ឌលគិរី ៖ រថយន្ដឡង់គ្រីស័រមួយគ្រឿង បានក្រឡាប់បណ្ដាលឱ្យមនុស្សម្នាក់ ជាអ្នកបើកបររងរបួសធ្ងន់ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យសែនមនោរម្យ កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នៅតាមបណ្ដោយ ផ្លូវជាតិ៧៦ ត្រង់ចំណុចមុខទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ដមណ្ឌលគិរី ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី ។
សាក្សីបានឱ្យដឹងថា ឈ្មោះ មេត ប៊ុនធឿន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី បានបើករថយន្ត ពីទិសខាងកើតទៅលិច មានល្បឿនលឿន នៅពេលមកដល់ ជិតកន្លែងកើតហេតុ ក៏រេចង្កូតបុកខឿនថ្មមុខផ្ទះសំណាក់ ស៊ុមឌីបណ្ដាលឱ្យបែកកង់មុខខាងឆ្វេង ធ្វើឱ្យរថយន្ដក្រឡាប់ ៥ទៅ៦ ត្រឡប់ កៀបជាប់អ្នកបើកបរនៅក្នុងរថយន្ដ ទាល់តែប្រជាពលរដ្ឋនាំគ្នា មកជួយគាស់យកចេញ តែមិនបណ្ដាលឱ្យគ្រោះថ្នាក ដល់អាយុជីវិតនោះទេ គ្រាន់តែរបួសធ្ងន់ បែកលើថ្ងាសយ៉ាងធំ៕
Source from: watphnom-news.com
No comments:
Post a Comment