ឧកញ៉ា ថៃ និង លឹម ប៊ុណ្ណា ហៅខ្នា ផ្គើនការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី បន្តបំផ្លាញឈើប្រណីត ក្នុងតំបន់ព្រៃការពារយ៉ាងអនាធិបតេយ្យ

រាជធានីភ្នំពេញ ៖ ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា ថៃ រួមជាមួយបរិវារជាច្រើនទៀត បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើនៅតាម តំបន់ព្រៃការពារ នៅក្នុងខេត្តស្ទឹងត្រែង និងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ យ៉ាងអនាធិបតេយ្យបំផុត ដឹកជញ្ជូនយកទៅលក់ចែកចាយនៅស្រុកយួន មិនដែលមាននរណាហ៊ានហើបមាត់នោះទេ ព្រោះឧកញ៉ា ខ្នា និងឧកញ៉ា ថៃ បានបង់លុយឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ សព្វគ្រប់អស់ទៅហើយ ទើបអ្វីៗអាចដំណើរការដោយរលូនល្អ។ ជាពិសេសភាពចម្រូងចម្រាស ដែលកើតមាននៅចំណុច បាតអាងវារីអគ្គិសនីសេសាន២ ក្នុងខេត្តស្ទឹងត្រែង បង្កឡើងដោយឧកញ៉ា ថៃ និងឧកញ៉ា ខ្នា ធ្វើឲ្យសម្តេច ហ៊ុន សែន ក្តៅស្លឹកត្រចៀកមិនតិចទេ ប៉ុន្តែមកដល់ម៉ោងនេះ ជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ ឧកញ៉ាខ្នា និងឧកញ៉ា ថៃ នៅតែគ្មាននរណាហ៊ានប៉ះពាល់។
សេចក្តីរាយការណ៍ ពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ចេញពីដែនជម្រកសត្វព្រៃ ក្រោមលេសស្តារបាតអាង ទំនប់វារីអគ្គិសនីសេសាន២ កើតមានយ៉ាងអនាធិបតេយ្យ ហើយចំណុចនោះ គឺជាទីតាំងកាប់បំផ្លាញ និងដឹកជញ្ជូនឈើផ្តាច់មុខរបស់ឧកញ៉ា ខ្នា សូម្បីតែជំនាញរដ្ឋបាលព្រៃឈើ ឬអភិបាលខេត្តស្ទឹងត្រែង ក៏មិនដែលហ៊ានហើបមាត់។ ឈើប្រណីតត្រូវបានឧកញ៉ាខ្នា តាមរយៈមេការរបស់គាត់ នៅតំបន់នោះ កេណ្ឌប្រមូលប្រជាពលរដ្ឋ ឲ្យចូលទៅកាប់បំផ្លាញព្រៃឈើ យ៉ាងគគ្រឹកគគ្រេង ប្រមូលដឹកជញ្ជូនយកមកស្តុកទុក តាមដងទន្លេសេសាន ហើយបន្តរៀបដឹកជញ្ជូន តាមរថយន្តយីឌុប មួយខ្សែ មិនតិចជាង ៥គ្រឿងនោះទេ បញ្ជូនទៅលក់នៅស្រុកយួន។
ឧកញ៉ា ខ្នា បានក្លាយជាមេឈ្មួញ កាប់បំផ្លាញព្រៃឈើដ៏រង្គាល ប្រចាំភូមិភាគឦសាន មិនចាញ់ឧកញ៉ា ទ្រី ភាព ប៉ុន្មានទេ ហើយសមត្ថកិច្ចនិងមន្ត្រីជាច្រើន សុទ្ធសឹងជាកូនដៃរបស់ឧកញ៉ា ខ្នា ជាអ្នកជួយសម្របសម្រួល រត់ការបើកផ្លូវ សម្រាប់ការដឹកជញ្ជូនឈើ របស់ឧកញ៉ា ខ្នា ពីខេត្តស្ទឹងត្រែង ចេញទៅលក់នៅស្រុកយួន តាមខេត្តកំពង់ចាម ហើយពេលខ្លះក៏ដឹកជញ្ជូនទៅតាមខេត្តក្រចេះ ឬខេត្តរតនគិរី យ៉ាងរលូនល្អបំផុត មិនដែលមានឧបសគ្គនោះទេ។ គេកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ថាតើជំនួញឈើខុសច្បាប់ របស់ឧកញ៉ា ខ្នា បានផ្តល់ផលប្រយោជន៍អ្វីខ្លះ ឬបានបង់ចូលក្នុងហិបថវិកាជាតិ ចំនួនប៉ុន្មានក្នុងមួយខែៗ ទើបឧកញ៉ា ខ្នា មានមុខកាប់បំផ្លាញព្រៃឈើយ៉ាងរាលដាល នៅតំបន់ភូមិភាគឦសាន មិនក្រែងញញើតចំពោះចំណាត់ការ កែទម្រង់ស៊ីជម្រៅសូម្បីតែបន្តិច។
ដោយឡែក នៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ឯណោះវិញ ឧកញ៉ា ថៃ និងបរិវារមួយចំនួនទៀត សុទ្ធសឹងតែជាកូនជឹងរបស់ឧកញ៉ា ខ្នា សកម្មបំផុតក្នុងការប្រមូល ប្រជាពលរដ្ឋឲ្យចូលទៅកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ និងមានការប្រើប្រាស់ រថយន្តច្នៃមិនតិចជាង ៦គ្រឿង សម្រាប់ដឹកជញ្ជូនឈើចេញពីព្រៃ យកទៅស្តុកទុកនៅចំណុច ស្រុកតាវែង ដើម្បីបន្តដឹកជញ្ជូន យកទៅលក់ចែកចាយ នៅស្រុកយួន។ លោក អ៊ូ សុធី ជាប្រធានដែនជម្រកសត្វព្រៃលំផាត់ មិនដឹងជា ទទួលបានផលប្រយោជន៍ប៉ុន្មានទេ ក្នុងមួយខែៗ ក្នុងការបិទភ្នែកឃុបឃិតឲ្យឧកញ៉ា ថៃ កាប់បំផ្លាញឈើប្រណីត ដោយមិនដែលឮមាត់ឮ.ក នោះទេ។ ជាធម្មតា ការកាប់បំផ្លាញព្រៃឈើ របស់ឧកញ៉ា ថៃ ប្រើប្រាស់សុទ្ធតែរណារយន្ត ត្រង់ស៊ីន័រ លាន់ឮកងរំពងពេញព្រៃ ហើយធ្វើសកម្មភាព នៅក្បែរច្រមុះស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ របស់លោក អ៊ូ សុធី ផងដែរ ប៉ុន្តែមន្ត្រីអភិរក្សធ្វើមិនដឹងមិនឮ ទុកឱកាសឲ្យឧកញ៉ា ថៃ ធ្វើអី្វៗតាមតែអំពើចិត្ត។
មានការបញ្ជាក់ផងដែរថា ឈើប្រណីតដែលឧកញ៉ា ថៃ ជាកូនជឹងរបស់ឧកញ៉ា ខ្នា ចូលទៅកាប់បំផ្លាញ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រង់ចំណុចកំពក តាវៀន និងឃុំស្រែអង្គ្រង កំពុងកើតមាន យ៉ាងអនាធិបតេយ្យជាងពេលមុនៗទៅទៀត ហើយត្រូវបានដឹកជញ្ជូន យកទៅស្តុកទុកក្នុង ទីតាំងដីសម្បទានធំៗចំនួន ២កន្លែង គឺក្រុមហ៊ុន ប៉ាស៊ីហ្វិក និងក្រុមហ៊ុន ហុងអាញ់ អណ្តូងមាស របស់យួន។ នៅពីក្រោយឧកញ៉ា ខ្នា និងឧកញ៉ា ថៃ ក៏មានសមត្ថកិច្ចមួយចំនួនទៀត បានចេញមុខមកជួយជ្រោមជ្រែង ឲ្យការដឹកជញ្ជូនឈើខុសច្បាប់ របស់ពួកគេដំណើរការដោយរលូនល្អ និងធ្លាប់មានករណីសមត្ថកិច្ចមួយចំនួន បានធ្វើជាអ្នករត់ការស្ពាយលុយ ទៅចែកជូនមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវឲ្យជួយសម្របសម្រួល ការដឹកជញ្ជូនឈើខុសច្បាប់ របស់ឧកញ៉ា ខ្នា និងឧកញ៉ា ថៃ ផងដែរ៕
Source from: watphnom-news.com