ជញ្ជីងថ្លឹងឡាននៅក្បែរផ្សារឧដុង្គ ប្រមូលលុយបង់ជូនរដ្ឋ បានតិចជាងការបង់ចូលហោប៉ៅ លោក ម៉ឹង យូឡេង មិនខ្វល់ពីការបំផ្លាញផ្លូវស្ពាន

ខេត្តកណ្តាល ៖ ច្រើនឆ្នាំមកហើយ ដែលក្រុមមន្ត្រីសាធារណការ ខេត្តកណ្តាល បាននាំគ្នាដាក់ប៉ុស្តិ៍ជជុះ នៅចំណុចផ្សារឧដុង្គ តាមផ្លូវជាតិលេខ៥ នៃស្រុកពញាឮ ខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងន័យបង្ការទប់ស្កាត់ កុំឲ្យមានការបំផ្លាញផ្លូវស្ពាន ប៉ុន្តែរឿងពិត ជញ្ជីងថ្លឹងរថយន្ត នៅផ្សារឧដុង្គនោះ បានត្រឹមតែរាប់ក្បាលឡានដឹកទំនិញ យកលុយតែប៉ុណ្ណោះ មិនដែលខ្វល់ខ្វាយ ពីការផ្ទុកលើសទម្ងន់អ្វីនោះទេ ដែលសូម្បីតែក្បែរទីតាំង ជញ្ជីងថ្លឹងរថយន្ត គេសង្កេតឃើញផ្លូវជាតិលេខ៥ ប្រេះស្រុតជាច្រើនកន្លែង ហើយលោក ម៉ឹង យូឡេង ជាប្រធានមន្ទីរ សាធារណការខេត្តកណ្តាល មិនដែលអើពើ ពីភាពអសកម្មទាំងនេះទេ។
ប្រជាពលរដ្ឋអ្នករកស៊ី ដឹកជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ៥ បានឲ្យដឹងថា សម្រាប់រថយន្តដឹកទំនិញមួយគ្រឿង ត្រូវចូលបង់លុយថ្លៃបាយ ឲ្យក្រុមជញ្ជីងថ្លឹងរថយន្ត នៅក្បែរផ្សារឧដុង្គនោះ ចាប់ពី ៤ម៉ឺនរៀល ដល់១០ ម៉ឺនរៀល ជាទៀងទាត់។ ក្នុងមួយថ្ងៃៗ មានរថយន្តដឹកជញ្ជូនទំនិញ មកពីច្រកព្រំដែននានា រាប់រយគ្រឿង ទាំងរថយន្តខ្សែ ហើយក៏មានការដឹកទំនិញខុសច្បាប់ និងទំនិញគេចពន្ធ ដែលក្រុមជញ្ជីងថ្លឹងរថយន្ត របស់លោក ម៉ឹង យូឡេង សប្បាយក្នុងការកើបលុយ ច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន តាមវិធីកោសរូសផ្សេងៗ ហើយក្រុមអ្នករកស៊ី ដឹកជញ្ជូនទំនិញ មិនចង់ឲ្យមានបញ្ហា ក៏ចេះតែបង់លុយឲ្យ ក្រុមជញ្ជីងថ្លឹងរថយន្តនោះ ដើម្បីចៀសផុត ពីការត្រួតពិនិត្យឆែកឆេរ ឬការរុះរើផ្ទេរទំនិញ។
សកម្មភាពក្រុមជញ្ជីងថ្លឹងរថយន្ត នៅក្បែរផ្សារឧដុង្គ មិនខុសពីក្រុមកុងត្រូលជជុះ ប៉ុន្មាននោះទេ គឺពួកគេចាំតែអង្គុយ រាប់ក្បាលឡាន ដឹកទំនិញយកលុយ ទាំងការផ្ទុកលើសទម្ងន់ និងការផ្ទុកមិនលើសទម្ងន់ សូម្បីតែរថយន្តតាក់ស៊ី ក៏ត្រូវតែចូលបង់លុយ ថ្លៃក្បាលឡានចាប់ពី ៥ពាន់រៀល ដល់ ២ម៉ឺនរៀល បើមិនដូច្នេះទេ ក្រុមជញ្ជីងថ្លឹងរថយន្ត នឹងប្រដេញតាមចាប់ ឲ្យចូលបង់លុយផាកពិន័យ ក្នុងកម្រិតខ្ពស់។ ក្នុងមួយថ្ងៃៗគ្រាន់តែ ប្រាក់ចំណូលដែលបានមកពី ការរាប់ក្បាលឡានយកលុយ រកតែបាវច្រកគ្មានទេ ជាពិសេសនៅពេលយប់ មានរថយន្តដឹកជញ្ជូនទំនិញទាំងខ្សែៗ គឺជាប្រភពចំណូល មិនចេះរីងស្ងួតរបស់លោក ម៉ឹង យូឡេង ដែលរក្សាទុក ក្រុមជញ្ជីងថ្លឹងរថយន្ត នៅក្បែរផ្សារឧដុង្គ ជាសេនាធិការ សម្រាប់ប្រមូលលុយ យកទៅចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន។
ជាគោលការណ៍សាលាខេត្តកណ្តាល បានឯកភាពឲ្យមាន ការរៀបចំបង្កើត ទីតាំងជញ្ជីងថ្លឹងរថយន្ត ឲ្យធ្វើសកម្មភាពចល័ត នៅតាមដងផ្លូវនានា ទីដែលមានការដឹកជញ្ជូន លើសទម្ងន់ ដើម្បីបង្ការកុំឲ្យខូចខាតផ្លូវថ្នល់ ប៉ុន្តែលោក ម៉ឹង យូឡេង មិនបានយកចិត្តទុកដាក់ត្រួតពិនិត្យ ឲ្យបានដិតដល់ចំពោះសកម្មភាព នៃការដឹកជញ្ជូនទំនិញ ផ្ទុកលើសទម្ងន់ម្តងណាឡើយ គិតតែប្រមូលប្រាក់ថ្លៃក្បាលឡាន ដូចជាក្រុមជញ្ជីងថ្លឹងរថយន្ត នៅក្បែរផ្សារឧដុង្គ បានធ្វើសកម្មភាព រាប់ទសវត្សរ៍មកហើយ តាំងពីជំនាន់ លោក មាស សឿន រហូតដល់ពេល ដែលលោក ម៉ឹង យូឡេង ឡើងធ្វើជាប្រធាន សាធារណការខេត្តកណ្តាល អ្វីៗនៅតែដដែល គ្មានការកែទម្រង់ទេ។ នៅពេលអ្នករកស៊ី ដឹកជញ្ជូនទំនិញ សួរនាំពីការកោសរូស ឲ្យបង់លុយក្នុងកម្រិតខ្ពស់ គេសង្កេតឃើញមន្ត្រីប្រចាំការ នៅជញ្ជីងរថយន្តក្បែរផ្សារឧដុង្គ បញ្ជាក់ថា ប្រមូលលុយបង់ជូនមេ។
តែគេមិនដឹងថា មេកើយរបស់ពួកគេ ឈ្មោះអ្វីនោះទេ គ្រាន់តែដឹងថា ក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់ នៅទូទាំងខេត្តកណ្តាល ស្ថិតក្រោមការបញ្ជាផ្ទាល់ របស់ក្រុមចម្រុះដែលដឹកនាំ ដោយមន្ទីរសាធារណការ ខេត្តកណ្តាល និងមានការចូលរួម ពីមន្ត្រីសាលាខេត្តកណ្តាល ដូច្នេះគេអាចកាត់យល់បានថា ទីតាំងជញ្ជីងថ្លឹងរថយន្ត នៅចំណុចផ្សារឧដុង្គនេះ គឺជាប្រភពសេដ្ឋកិច្ច សម្រាប់ចិញ្ចឹមឆ្នាំងបាយ របស់ថ្នាក់ដឹកនាំ សាលាខេត្តកណ្តាលផងដែរ។ លោក ម៉ឹង យូឡេង កំពុងកាក់កបបំផុត ក្នុងការចាត់តាំង ឲ្យក្រុមជញ្ជីងថ្លឹងរថយន្ត ចុះធ្វើសកម្មភាពតាមផ្លូវជាតិ ព្រោះទាំងរថយន្ត ផ្ទុកលើសទម្ងន់ និងមិនលើសទម្ងន់ សុទ្ធតែជាប់កាតព្វកិច្ច ចូលបង់លុយទាំងអស់ ហើយគេមិនដឹងថា លុយទាំងនេះ ត្រូវបង់ចូលខ្ទង់ថវិកាជាតិណាមួយ ឬគ្រាន់តែប្រមូលលុយ យកទៅបង់ចូលហោប៉ៅរបស់លោក ម៉ឹង យូឡេង តាមរបៀបពុករលួយនោះទេ ៕
Source from: watphnom-news.com