ជិតដល់ថ្ងៃចូលរោងការ ជាប់ឃុំខ្លួនពីបទបង្កហិង្សាលើ ប៉ូលីសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជិតដល់ថ្ងៃចូលរោងការ បានបង្កហិង្សាវាយមន្ត្រីនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានចាប់ឃុំខ្លួន ហើយស្ត្រីជាម្តាយនិងសាច់ញាតិ កំពុងសម្តែងក្តីបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ព្រោះជិតដល់ពេល ចូលរោងការទៅហើយ មិនឲ្យមានបញ្ហាអ្វីកើតឡើងទេ។
ជនបង្កមានឈ្មោះ រុន ភារៈ កំពុងជាប់ឃុំខ្លួន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងម៉ាស៊ីន មានទីលំនៅភូមិព្រៃធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ជាអ្នកបើកម៉ូតូ និងម្នាក់ទៀតឈ្មោះ ម៉ៅ សុខហេង ភេទប្រុស អាយុជាង ២០ឆ្នាំ មុខរបរដូចគ្នា បានរត់គេចខ្លួន។ ចំណែកជនរងគ្រោះ មានឈ្មោះ ប៊ុន ណារិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ ជាមន្ត្រីនគរបាល ការិយាល័យសួរចម្លើយ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។
មុនពេលកើតហេតុ នៅវេលាម៉ោង ៩យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ ជនរងគ្រោះរួមដំណើរ ជាមួយប្រពន្ធ និងកូនតូចម្នាក់ បានចេញពីសាលា នគរបាលភូមិន្ទដីឥដ្ឋ ជិះរថយន្តមួយគ្រឿង ម៉ាកហ្វរេននឺ ពណ៌ស្លែចាស់ មិនចាំស្លាកលេខ ពីកើតមកលិចតាមផ្លូវជាតិលេខ១ ពេលមកដល់ម្តុំផ្សារច្បារអំពៅ ជនរងគ្រោះក៏ឈប់រថយន្ត រួចដើរឆ្លងផ្លូវដើម្បីទៅទិញនំបុ័ងដាក់សាច់។
ខណៈនោះក្មេងទំនើង២ នាក់ ក៏បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-1393 ឌុបគ្នា ចុះពីលើស្ពានមុនីវង្សថ្មី ពីលិចមកកើតយ៉ាងលឿន មកបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលច្រងាប់ច្រងិល ទាំងអស់គ្នា។ ពេលនោះជនរងគ្រោះខឹងពេក ក៏ស្ទុះទៅវាយក្មេងទំនើងម្នាក់ ជាអ្នកឌុបឈ្មោះ រុន ភារៈ ស្រាប់តែក្មេងទំនើងម្នាក់ ជិះពីក្រោយឈ្មោះ ម៉ៅ សុខហេង បានដោះមួកសុវត្ថិភាព វាយមកលើជនរងគ្រោះ ត្រូវក្បាលបណ្តាលឲ្យរបួសធ្ងន់ធ្ងរ។
ដោយឃើញបែបនេះ ប្រពន្ធជនរងគ្រោះ ក៏ចុះពីលើរថយន្តមកជួយប្តី ក៏ត្រូវក្មេងទំនើង ២នាក់នោះ វាយឲ្យរបួសផងដែរ។ បន្ទាប់មកកម្លាំងព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចេញទៅអន្តរាគមន៍ ចាប់ជនបង្កហេតុបានម្នាក់ ដាក់រថយន្តយកមកសួរនាំ នៅនាយកដ្ឋានព្រហ្មទណ្ឌ។ បន្ទាប់ពីមានការសុំអង្វរ មិនឲ្យបញ្ជូនករណីនេះ ទៅតុលាការ ដោយសារតែជនបង្ក ជិតចូលរោងការនោះ ថ្នាក់លើក៏បានឲ្យភាគីទាំង ២ និយាយចរចាគ្នា មួយជំហានសិន៕
Source from: watphnom-news.com