ស្ត្រីវ័យចំណាស់កំពុងជួញដូរគ្រឿងញៀនតាមព្រំដែន ត្រូវប៉ូលីសស្រុកម៉ាឡៃចាប់ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ដែលកំពុងជួញដូរគ្រឿងញៀន នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រូវបានសមត្ថកិច្ចស្រុកម៉ាឡៃ ឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង៥០ នាទីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិបល្លង្ក័ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក សៅ ប៊ុន អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា កម្លាំងប៉ូលិសបានឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់ ទី១-ឈ្មោះ អាន សាវី ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មានមុខរបរលក់ដូរ និងចែកចាយថ្នាំញៀនយ៉ាងសកម្ម នៅក្នុងស្រុកម៉ាឡៃ។ ស្ត្រីសង្ស័យរូបនេះជាម្ចាស់ថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន ១៣០គ្រាប់ និងម៉ាទឹកកក មួយថង់តូចផងដែរ និងទី២-ឈ្មោះ ជា សាអ៊ុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាអ្នកប្រើប្រាស់ រស់នៅភូមិជាមួយគ្នា។
លោក សៅ ប៊ុន បានបញ្ជាក់ថា ដោយមានកិច្ចសហការ ជាមួយប្រជាពលរដ្ឋ និងកម្លាំងសម្ងាត់របស់ប៉ូលិសស្រុកម៉ាឡៃ មានការបង្ហាញទីតាំងប្រព្រឹត្តល្មើស ទើបឈានដល់ការបង្ក្រាប បទល្មើសគ្រឿងញៀន ឃាត់ខ្លួនស្ត្រីសង្ស័យខាងលើតែម្ដង។ ក្នុងប្រតិបត្តិការនេះ កម្លាំងប៉ូលិស ស្រុកម៉ាឡៃ បានរឹបអូសយ៉ាម៉ាចំនួន ១៣០គ្រាប់ ម៉ាទឹកកកមួយថង់តូច និង ដាវសាម៉ូរ៉ៃ ចំនួន ១ដើម នៅកន្លែងកើតហេតុ ។
លោក សៅ ប៊ុន បានបន្ថែមថា ការបង្ក្រាបនេះ និងបន្តស្រាវជ្រាវ បង្ក្រាបរាល់បទល្មើសថ្នាំញៀន បនល្បែងស៊ីសង រួមនឹងបទល្មើសផ្សេងៗទៀត ដើម្បីរក្សាឲ្យបាន នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ជូនពលរដ្ឋ ។ លោកបានបន្តថា ដោយឡែកស្ត្រីឈ្មោះ អាន សាវី ដែលជាម្ចាស់ថ្នាំញៀននោះ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅ ស្នងការខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ដោយ ចិន្តា
Source from: watphnom-news.com
No comments:
Post a Comment