ក្រុម​ហ៊ុន ទី​​ខ្មូត មាន​​ទំ​នាក់​ទំ​នង​​អាថ៌​កំ​បាំង ជា​មួយ​​ជំ​នាញ​​គយ អាច​​​ជួយ​រត់​ការ​​បញ្ចុះ​តម្លៃ​​បង់​ពន្ធ​​នាំ​ចូល​​ទំ​និញ បង្ក​​ព្យុះ​ភ្លៀង​​តាម​តែ​​អំ​ពើ​​ចិត្ត

ក្រុម​ហ៊ុន ទី​​ខ្មូត មាន​​ទំ​នាក់​ទំ​នង​​អាថ៌​កំ​បាំង ជា​មួយ​​ជំ​នាញ​​គយ អាច​​​ជួយ​រត់​ការ​​បញ្ចុះ​តម្លៃ​​បង់​ពន្ធ​​នាំ​ចូល​​ទំ​និញ បង្ក​​ព្យុះ​ភ្លៀង​​តាម​តែ​​អំ​ពើ​​ចិត្ត

​រាជធានី​ភ្នំពេញ៖ស​ម្តេចហ៊ុនសែនធ្លាប់​បាន​​រិះ​គន់​​ម​ន្ត្រី​​គយ​​មួយ​ចំ​នួនដែល​ជា​​មេ​គំ​និត​​បើក​ភ្លើង​​ខៀវឲ្យ​​ក្រុម​​ឈ្មួញ​​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ទំ​និញ

រាជធានី​ភ្នំពេញ ៖ ស​ម្តេច ហ៊ុន សែន ធ្លាប់​បាន​​រិះ​គន់​​ម​ន្ត្រី​​គយ​​មួយ​ចំ​នួន ដែល​ជា​​មេ​គំ​និត​​បើក​ភ្លើង​​ខៀវ ឲ្យ​​ក្រុម​​ឈ្មួញ​​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ទំ​និញ ទាំង​​តូច​​ទាំង​​ធំ​​ដោយ​បង់​ពន្ធ​​មិន​​គ្រប់ ឬ​​នាំ​ចូល​​ទំ​និញ​​ខុស​ច្បាប់ មិន​ដែល​​ខ្វល់​ខ្វាយ​​ពី​ការ​ខាត​បង់ចំណូល​ថវិកាជាតិ​នោះទេ ថែមទាំង​បាន​យក​អង្គភាព​គយ​និង​រដ្ឋាករ ធ្វើជា​គំរូ​មុនគេ សម្រាប់​កំណែទម្រង់​ស៊ីជម្រៅ លើ​ការប្រមូល​ពន្ធ​នាំចូល​ឲ្យ​បាន ១០០​ភាគរយ ហើយ​មួយរយៈ​កន្លងមកនេះ ឃើញថា មានការ​កើនឡើង​នូវ​ប្រាក់ចំណូល​ពន្ធ ប៉ុន្តែ​រូបភាព​នៃ​ការនាំ​ចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់ នៅតែ​កើតមាន​ដដែល​មិនទាន់​អាច​លុបបំបាត់ បាន​ទាំងស្រុង​នៅឡើយ​ទេ ជាពិសេស​ក្រុមហ៊ុន ទី​ខ្មូត ជា​អ្នកទទួល​រត់ការ​បង់​ពន្ធគយ បច្ចុប្បន្ននេះ​នៅតែមាន​សិទ្ធិអំណាច ក្នុង​ការបង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត ក៏​ព្រោះតែ​ក្រុមហ៊ុន ទី​ខ្មូត មាន​ទំនាក់ទំនង​ល្អ និង​អាថ៌កំបាំង​ជាមួយ​មេ​គយ​ធំៗ​។​

​ក្រុម​ឈ្មួញ​រកស៊ី​ស្របច្បាប់​មួយចំនួន បាន​លើកឡើងថា ការ​នាំចូល​ទំនិញ​បង់ពន្ធ ១០០​ភាគរយ ទៅតាម​កំណែទម្រង់​ស៊ីជម្រៅ គឺ​មិនអាច​រកប្រាក់​ចំណេញ​បានទេ ក៏​ព្រោះតែ​ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ ត្រូវ​បង់ពន្ធ​នាំចូល ១០០​ភាគរយ ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​ពិសេស គិត​ទៅតាម​ភាគរយ និង​ពន្ធអាករ​ស្អី​គេ​នោះ មិន​តិច​ជាង ៣០​ភាគរយ ហើយ​ពេល​ដឹកជញ្ជូន ពី​ច្រកព្រំដែន​ទម្រាំ​ដល់​ឃ្លាំង​ឬ​ហាង​លក់​ចែកចាយ ត្រូវ​ជាប់​កាតព្វកិច្ច​បង់លុយ ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ តាម​ដងផ្លូវ ជាច្រើន​កន្លែង​។ អាច​បញ្ជាក់បាន​ថា ក្រុម​ឈ្មួញ​ដែល​រកស៊ី​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ ទៅតាម​កំណត់​ច្បាប់ បន្តិចទៀត​ច្បាស់​ជា​ដួលរលំ​អស់ហើយ មិនអាច​ឈរ​ជើង​បាន​យូរ​ទៀត​ទេ ដូច្នេះហើយ​បានជា​ក្រុម​ឈ្មួញ​មួយចំនួន បាន​ងាក​ទៅ​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន ទី​ខ្មូត ឲ្យ​ជួយ​សម្របសម្រួល ក្នុង​ការរត់​ការបង់​ពន្ធ​គយ ដើម្បី​ចំណេញ​លុយ​មួយចំនួន​យកមក​ទុក ចាយវាយ​បង់​សេវា​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​។​

​បើតាម​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ ដែល​ប្រជុំគ្នា​តាម​តុ​កាហ្វេ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ការ​នាំចូល​ទំនិញ ដែល​ផលិត​នៅ​ស្រុក​ចិន ឬ​ស្រុក​យួន ជាពិសេស​គ្រឿងសម្អាង គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​រថយន្ត ត្រូវបាន​ក្រុមហ៊ុន ទី​ខ្មូត ប៉ាវ​ផ្តាច់​ក្នុងការ​រត់ការ​បង់ពន្ធ​គយ មកពី​គ្រប់​ច្រក​ទាំងអស់​។ មានការ​បញ្ជាក់​ផងដែរ​ថា នៅពេល​នាំ​ទំនិញ​មកដល់​ច្រក​ណាមួយ ទាំង​ផ្លូវទឹក​និង​ផ្លូវគោក ក្រុម​ឈ្មួញ​គ្រាន់តែ​ទំនាក់ទំនង ប្រាប់​ទៅកាន់​ក្រុមហ៊ុន ទី​ខ្មូត ឲ្យ​ជួយ​រត់ការ សម្រ​បស​ម្រួល​បង់ពន្ធ​គយ គឺ​ក្រុមហ៊ុន​នេះ នឹង​សាកសួរ​ពី​ប្រទេស​ជា​ម្ចាស់​ដើម​នៃ​ទំនិញ រួមជាមួយ​បរិមាណ ដើម្បី​វាយតម្លៃ​ពន្ធ​ជាក់ស្តែង ដែល​ត្រូវ​បង់​ឲ្យ​ជំនាញ​គយ ហើយ​ក្រុមហ៊ុន ទី​ខ្មូត នឹង​ប្រាប់​ពី​តម្លៃ​ពិសេស ដែល​ត្រូវ​បង់​ឲ្យ​ពួកគេ​ជួយ​រត់ការ ដែល​យ៉ាងហោចណាស់​ត្រូវ​ចំណាយ ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ជាមួយ​តម្លៃ​បង់ពន្ធ ១០០​ភាគរយ​។​

​សម្រាប់​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ និង​មន្ត្រី​ជំនាញ ដែល​ចាំ​ប្រមូល​ចំណូល​ពន្ធ មិន​ពិបាក​យល់​នោះទេ ព្រោះ​គេ​មាន​បច្ចេកទេស ក្នុងការ​សម្របសម្រួល​បន្ធូរ​បន្ថយ ការបង់ពន្ធ  មិន​ខ្វល់​ពី​ការខាតបង់ ចំណូល​ថវិកាជាតិ​នោះទេ ហើយ​បង្កាន់ដៃ​បង់ពន្ធ​មួយចំនួនទៀត ក៏មាន​ភាពមិនប្រក្រតី​។ រំលឹក​ដល់​ស្ថានភាព​ដ៏​ស្មុគ​ស្មាញ នៃ​បែបបទ​នាំចូល​ទំនិញ ដោយ​បង់ពន្ធ​មិន​គ្រប់ ដែល​ក្រុមហ៊ុន ទី​ខ្មូត កំពុងតែ​អនុវត្តន៍​សព្វថ្ងៃនេះ វា​ជា​រឿង​ពុករលួយ​ក្រោម​តុ តាម​បច្ចេកទេស របស់​ជំនាញ​គយ ដែល​កំពុងតែ​យក​តួនាទី​របស់ខ្លួន ទៅ​ប្រមូល​លុយ​ពី​ការហូរចូល​ទំនិញ​គ្រប់​ប្រភេទ មិនដែល​ខ្វល់​ពី​ការកែទម្រង់​អ្វី​នោះទេ ក្នុង​មួយខែៗ​មន្ត្រី​គយ​ពុករលួយ​មួយចំនួន មើល​តែ​ខ្ទង់​ផែនការ គឺ​ខំ​ប្រមូល​ពន្ធ មិន​ឲ្យ​ក្រោម​ផែនការ​ពេក មិន​ឲ្យ​លើស​ផែនការ​ពេក គឺ​គ្មាន​នរណា​ហ៊ាន​ដេញដោល​ទេ​។​

​មានការ​លើក​ជា​ឧទាហរណ៍​ជាក់ស្តែង មក​ពន្យល់ថា ឈ្មួញ​ម្នាក់​នាំចូល​សាប៊ូកក់សក់ ដែលមាន​តម្លៃ​ខ្ពស់ ក្នុង​មួយ​កុងតឺន័រ បើ​គិតពី​តម្លៃ​ពន្ធ​ជាក់ស្តែង ១០០​ភាគ​រយ គឺ​ត្រូវ​បង់ពន្ធ​ចាប់ពី ៣​ម៉ឺន ទៅ​៤ ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​ក្រុម​ឈ្មួញ ទៅ​ពឹង​អាស្រ័យ​ឲ្យ​ក្រុមហ៊ុន ទី​ខ្មូត ជួយ​រត់ការ​បង់ពន្ធ​គយ គឺ​ត្រូវ​ចំណាយ​ប្រមាណ ១​ម៉ឺន​៥​ពាន់​ដុល្លារ ប៉ុណ្ណោះ មានការ​បន្ធូរបន្ថយ​តម្លៃ​បង់ពន្ធ ដល់​ទៅ​ពាក់កណ្តាល​។ តាមពិតទៅ បា​រ៉ែ​ម​នៃ​ការកំណត់​តម្លៃ​ពន្ធ មិនមាន​អ្វី​ប្រែប្រួល​ទេ ប៉ុន្តែ​រឿង​ដែល​ក្រុមហ៊ុន ទី​ខ្មូត អាច​រត់ការ​បង់ពន្ធ​គយ​ក្នុងតម្លៃ​ទាប ដ៏​មិនគួរ​ឲ្យ​ជឿ​បែបនេះ ក៏​ព្រោះតែ​គេ​មាន​ជំនាញ ក្នុង​ការលួចបន្លំ​ពន្ធ និង​មាន​ទំនាក់ទំនង​អាថ៌កំបាំង ជាមួយ​មេ​គយ​ធំៗ ដែលមាន​តួនាទី វាយតម្លៃ​ពន្ធ ដូចជា​ប្រភេទ​សាប៊ូកក់សក់​ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ បើ​ពិនិត្យ​លើ​ការបង់ពន្ធ​ជាក់ស្តែង គេ​ក្លែងភេទ​ទំនិញ​ទៅជា​ប្រភេទ​សាប៊ូ​លាងចាន ស្អី​គេ​នោះ​ទៅវិញ​។​

​ប្រភព​មួយចំនួនទៀត បាន​បង្ហើប​ឲ្យ​ដឹងថា សម្រាប់​ប្រភេទ​ទំនិញ​ថ្លៃៗ  ផលិត​នៅ​ស្រុក​ចិន ឬ​ស្រុក​យួន សឹង​ថា​ក្រុម​ឈ្មួញ​បាន​ពឹង​អាស្រ័យ ឲ្យ​ក្រុមហ៊ុន ទី​ខ្មូត ប៉ាវ​ផ្តាច់​ជួយ​រត់​ការបង់​ពន្ធគយ ដែល​ក្នុង​មួយ​កុងតឺន័រ ក្រុមហ៊ុន ទី​ខ្មូត អាច​រត់ការ​បញ្ចុះតម្លៃ បង់ពន្ធ​ត្រឹម ៣​ពាន់​ទៅ​៤ ពាន់​ដុល្លារ អាមេរិក​ប៉ុណ្ណោះ ដោយមាន​ជំនាញ​គយ ជា​អ្នកសម្របសម្រួល លួច​បន្លំ​ពន្ធ​តាម​បច្ចេកទេស​។ គេ​មិន​ច្បាស់​ថា តើ​ក្រុមហ៊ុន ទី​ខ្មូត ជា​របស់​នរណា​ឲ្យ​ប្រាកដ​នោះទេ គ្រាន់តែ​ដឹងថា​ក្រុមហ៊ុន ទី​ខ្មូត មាន​ទំនាក់ទំនង​ជិតដិត​បំផុត ជាមួយ​ឈ្មោះ ទី​ប៉េអឹម ដូច្នេះ​អគ្គនាយក​គយ​និង​រដ្ឋាករ រួមទាំង​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរតែ​ស្រាវជ្រាវ​ពី​ករណីនេះ ឡើង​វិញ​​ជាបន្ទាន់ ព្រោះ​គេ​ជឿថា បើ​អាច​បំបែក​អំពើពុករលួយ ដែល​កើតឡើង​ដោយសារតែ ការឃុបឃិត​រវាង​មន្ត្រី​គយ​ធំៗ និង​ក្រុមហ៊ុន ទី​ខ្មូត​ច្បាស់​ជា​អាច​បង្កើន ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​៕

Wat 270217 Wat 270218


Source from: watphnom-news.com

No comments:

Post a Comment