អ្នកលេងបណ្តាញព័ត៌មានសង្គម Facebook រិះគន់មន្ទីរពេទ្យ ជោ រី មិនដាក់ទង់ជាតិខ្មែរ

មជ្ឃដ្ឋានអ្នកលេងបណ្តាញព័ត៌មានសង្គមFacebookដ៏ពេញនិយមនៅកម្ពុជាបានធ្វើការចាប់អារម្មណ៍និងរិះគន់យ៉ាងខ្លាំងទៅលើអ្នកគ្រប់គ្រងមន្ទីរពេទ្យមួយឈ្មោះ ជជោ រី «CHO RAY PHNOM PENH HOSPITAL» ជាមន្ទីរពេទ្យវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន៤០លានដុល្លារអាមេរិកដោយប្រទេសវៀតណាម ដែលមិនដាក់ទង់ជាតិខ្មែរបែរជាដាក់តែទង់ជាតិប្រទេសវៀតណាមប៉ុណ្ណោះ ។
ព័ស្តុតាងដែលបានបង្ហាញដោយអ្នកលេងFacebook គឺ នៅកន្លែងទទួលភ្ញៀវនៃមន្ទីរពេទ្យ ជោ រី មានដាក់តែទង់ជាតិប្រទេសវៀតណាម មិនមានដាក់ទង់ជាតិខ្មែរទេ។
អ្នកលេងFacebook បានធ្វើការរិះគន់ថា មន្ទីរពេទ្យ ជោ រី នេះជាមន្ទីរពេទ្យវិនិយោគដោយប្រទេសវៀតណាម ដូច្នេះ សាធារណរដ្ឋសង្គមនិយមវៀតណាមមិនផ្តល់តម្លៃទៅលើអត្តសញ្ញាណរបស់ប្រទេសខ្មែរឡើយ គឺវៀតណាមសឹងតែចាត់ទុកទឹកដីកម្ពុជាជារបស់ខ្លួនបាត់ទៅហើយទើបមិនដាក់ទង់ជាតិខ្មែរ នៅក្នុងមន្ទីរពេទ្យ ជោ រី ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ទោះបីមិនមានច្បាប់បញ្ញត្តិតម្រូវឲ្យមន្ទីរពេទ្យ ជោ រី ត្រូវតែដាក់ទង់ជាតិខ្មែររួមជាមួយទង់ជាតិវៀតណាមក៏ដោយ ប៉ុន្តែមន្ទីរពេទ្យ ជោ រី នេះជាមន្ទីរពេទ្យវិនិយោគនៅលើទឹកដីខ្មែរគួរតែដាក់ទង់ជាតិខ្មែរផង ហើយការដាក់តែទង់ជាតិវៀតណាមបែបនេះ គឺបង្ហាញថា មន្ទីរពេទ្យ ជោ រី មិនផ្តល់តម្លៃឲ្យខ្មែរជាម្ចាស់ទឹកដីឡើយ និងមិនសមរម្យទាល់តែសោះ ៕
Source from: www.dtn7.com