ឯកឧត្តមសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមិនទាន់បានប្តឹងបុរសខ្លាំងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ«ICC» នៅឡើយទេ

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ គណបក្សសង្គ្រោះជាតិបានចេញលិខិតមួយច្បាប់លេខ០១៤/១៤គ.ស.ជ ប្រកាសបដិសេធនូវការផ្សាយព័ត៌មានមិនពិតនៅលើទំព័រFacebookមួយចំនួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ដែលបានសរសេរថា «លោកសម រង្ស៊ី បានដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិICC ក្នុងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ »។
តាមរយៈលិខិតបដិសេធនេះដែរ គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា លោកសម រង្ស៊ី ក៏ដូចជាគណបក្សសង្គ្រោះជាតិពុំទាន់បានដាក់ពាក្យបណ្តឹងនោះ នៅឡើយទេ ។ ទាក់ទិននឹងដំណើរការដាក់ពាក្យបណ្តឹងនេះ គឺក្រុមមេធាវី កំពុងឋិតនៅក្នុងការសិក្សាស្រាវជ្រាវព័ស្តុតាងនៅឡើយ ។ ចំពោះព័ត៌មានក្នុងករណីនេះ និងព័ត៌មានទាំងឡាយអំពីគណបក្សសង្គ្រោះជាតិ សូមសាធារណជនតាមដានតែពីប្រភពព័ត៌មានរបស់គណបក្សសង្គ្រោះជាតិដែលជាព័ត៌មានផ្លូវការ ។
ប៉ុន្តែអ្វីដែលធ្វើឲ្យមជ្ឈដ្ឋាននានាងឿងឆ្ងល់នោះ គឺនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤ ដដែលនេះ មានលិខិតបដិសេធរបស់គណបក្សសង្គ្រោះជាតិមួយទៀតលេខ០១៥/១៤គ.ស.ជ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនធ្វើការផ្សព្វផ្សាយជាសាធារណៈតាមInternet ដោយលិខិតមានសរសេរទាក់ទងនឹងការផ្សាយព័ត៌មានមិនពិតនៅលើទំព័រFacebook របស់កញ្ញាធី សុវណ្ណថា ។ លើសពីនេះ លិខិតបានបញ្ជាក់ទៀតថា កញ្ញាធី សុវណ្ណថា មិនមានការពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិទេ ៕
Source from: www.dtn7.com