ជាប់ខ្នោះព្រោះតាំងខ្លួនជាអង្គរក្សអ្នកធំ ធានារត់ការឲ្យមន្ត្រីប៉ូលីសម្នាក់ ឡើងស័ក្តិធ្វើមេប៉ុស្តិ៍

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ដែលតាំងខ្លួនជាអង្គរក្សអ្នកធំ និងប្រើឈ្មោះថ្នាក់ដឹកនាំ ដើម្បីធានារត់ការឡើងស័ក្តិ កាលពីម៉ោង ៥រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ដោយយោងតាមពាក្យបណ្តឹងរបស់មន្ត្រីនគរបាលម្នាក់ ដែលត្រូវជនសង្ស័យ ល្បួងឲ្យចាយលុយ ឡើងធ្វើមេប៉ុស្តិ៍។
សមត្ថកិច្ចបានឲ្យដឹងថា បុរសប្រើល្បិចឆបោកនោះ រួមមានឈ្មោះ ឥន សុធី ហៅ ពាង អាយុ ៤៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងថ្ម ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងឈ្មោះ វ៉េង សាវី អាយុ ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិទួលគោគ សង្កាត់ទួលសង្កែ ខណ្ខឫស្សីកែវ រាជធានីភ្នំពេញ បានឆបោកប្រាក់ មន្ដ្រីនគរបាលអស់ ១៥០ ដុល្លារ ដើម្បីរត់ការដំឡើងស័ក្តិ ជាមេប៉ុស្តិ៍។
ជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពឆបោក ជនរងគ្រោះ ឈ្មោះ សៅ សូនី ភេទប្រុស អាយុ ៤៤ ឆ្នាំ ជាមន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាល ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ថាជួយរត់ការឡើងស័ក្តិ ធ្វើជាមេប៉ុស្តិ៍រដ្ឋបាលឃុំ។ ដោយលើកទី១ ជនសង្ស័យ ឈ្មោះ ឥន សុធី មកទាក់ទងរត់ការ ដោយយកប្រាក់ពីជនរងគ្រោះ ចំនួន ៥០ ដុល្លារ ចាក់សាំងឡាន។ លុះនៅថ្ងៃ២៣ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យឲ្យផ្ញើប្រាក់តាមវីង ចំនួន ២០០ដុល្លារ ដើម្បីរត់ការទៅថ្នាក់លើ។ ដោយជនរងគ្រោះគ្មានប្រាក់ ក៏ផ្ញើឲ្យ ១០០ ដុល្លារសិន។
រហូតដល់ថ្ងៃទី២៧ ខែមីនាក៏ណាត់គ្នា នៅមុខមន្ទីរអប់រំ យុវជននិងកីឡា ខេត្តស្វាយរៀង ឲ្យជនរងគ្រោះ រកប្រាក់ ១.០០០ ដុល្លារ យកទៅជូបលោកស្នងការ តែជនរងគ្រោះ រកប្រាក់បាន ៦០០ ដុល្លារ។ ជនសង្ស័យ បានប្រាប់ថា ដូច្នេះដាក់ក្នុងស្រោមសំបុត្រ ៥០០ ដុល្លារ ឲ្យស្នងការ និង ១០០ ដុល្លារ សម្រាប់ចាយក្រៅ។ ក៏ប៉ុន្តែពេលរៀបប្រគល់ប្រាក់ឲ្យ ស្រាប់តែជនសង្ស័យម្នាក់ទៀត សួរថា ផ្ទះលោកស្នងការ នៅឯណា ទើបជនរងគ្រោះសង្ស័យ ក៏ទូរស័ព្ទប្រាប់បង ឲ្យចាប់ខ្លួនតែម្តង៕
Source from: watphnom-news.com