ដើរបាត់ពីផ្ទះមួយយប់ ប្រទះឃើញចងកស្លាប់នៅក្រោមស្ពាន មិនដឹងជាមានទុក្ខអ្វី

រាជធានីភ្នំពេញ ៖ មនុស្សវិកលចរិតម្នាក់ បានចងកសម្លាប់ខ្លួន នៅក្រោមស្ពាន ក្រោយពេលដើរចេញពីផ្ទះ បាត់តាំងពីព្រលប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ លុះព្រឹកឡើងថ្ងៃទី២៨ ខែមីនា ទើបប្រជាពលរដ្ឋប្រទះឃើញ ចងកនៅក្រោមស្ពានក្នុងភូមិជ័យជំនះ សង្កាត់ឳឡោក ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរគ្រោះពិតជាស្លាប់ដោយចងក ប្រាកដមែន និងបានប្រគល់សព ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។
ជនរងគ្រោះមានឈ្មោះ ធីម ថា អាយុ ៣១ឆ្នាំ ស្នាក់នៅផ្ទះ ក្នុងភូមិកើតហេតុខាងលើ ។ សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ តាំងពីម៉ោងប្រមាណជា ៦ល្ងាច មកម្ល៉េះ តែពួកគាត់ខិតខំ ដើរស្វែងរកជនរងគ្រោះដែរ តែរកមិនឃើញ។ លុះព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្រាប់តែមានបុរសម្នាក់ ជាអ្នកភូមិបានដើរបោចវ័រ ក៏ប្រទះឃើញសាកសពជនរងគ្រោះ ចងកស្លាប់នៅក្រោមស្ពាន ធ្វើឲ្យមានការភ្ញាក់ផ្អើល តែម្តង៕
Source from: watphnom-news.com