ជិះម៉ូតូធុនធំបោះពួយយ៉ាងលឿន ជ្រុលទៅបុកឡានដឹកទំនិញពីក្រោយ ដួលសន្លប់ឈឹង

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូម៉ាកហុងដា CBR ធុនធំមួយគ្រឿង បានបោះពួយយ៉ាងលឿន ទៅបុករថយន្តធុនធំ ពេលកំពុងបត់អែបស្តាំដៃ បម្រុងឈប់បណ្តាលឲ្យ រងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង ៤និង១០ នាទីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី់ ខេត្តបន្ទាយមានជ័យ រីឯអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញមាន រថយន្តធុនធំម៉ាក មីស៊ុយប៊ីស៊ី ពណ៌ខៀវ ពាក់ស្លាកលេខ ៣B. ៣០៦៨ បើកបរពីជើងទៅត្បូង ដល់ចំណុចខាងលើនេះ បានបត់ចូលខាងស្តាំ ពេលជាមួយគ្នានោះ មានម៉ូតូម៉ាកហុងដា CBR ធុនធំ ពណ៌ខ្មៅស គ្មានស្លាកលេខ បើកបរស្របទិសគ្នា បានបុករថយន្តពីក្រោយ យ៉ាងពេញទំហឹង បណ្តាលអោយដួលសន្លប់បាត់ស្មារតី និងរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសំរាកព្យាបាល នៅគ្លីនិក គន្ធីរ៉ាវី មង្គលបូរី។
ជនរងគ្រោះជាអ្នកបើកបរម៉ូតូ មានឈ្មោះ សៅ សុឃឿង ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិបង់បត់កើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី សន្លប់បាត់ស្មារតី និងរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ។ ចំណែកអ្នកបើកបររថយន្តវិញ ពុំទាន់ដឹងអត្តសញ្ញណ នៅឡើយទេ។ ក្រោយពេលត្រួតពិនិត្យ និងវាស់វែងរួចរាល់ សមត្ថកិច្ចបានយករថយន្ត និងម៉ូតូយកទៅរក្សាទុក បណ្តោះអាសន្ន នៅអធិការដ្ឋាននគបាល ស្រុកមង្គលបូរី និងតាមស្រាវជ្រាវ រកម្ចាស់រថយន្ត ដែលរត់គេចខ្លួន មកដោះស្រាយតាមផ្លូវច្បាប់៕ ដោយ ចិន្តា
Source from: watphnom-news.com