ឪពុកម្ដាយរវល់ជជែកជាមួយភ្ញៀវ កូនអាយុ ២ឆ្នាំ ធ្លាក់ពីលើផ្ទះជាន់ទី១ ស្លាប់គួរឲ្យសង្វេគ

រាជធានីភ្នំពេញ ៖ ក្មេងប្រុសអាយុ ២ឆ្នាំ បានវារឡើងលើបង្កាន់ដៃ លើផ្ទះជាន់ទី១ ស្រាប់តែរអិលធ្លាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន តែដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេក បានស្លាប់យ៉ាងអាណោចអាធ័មបំផុតកាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ នៅក្នុងផ្ទះលេខ១ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញឪពុកម្ដាយ រវល់ជជែកជាមួយភ្ញៀវ ដែលមកលេងផ្ទះរបស់ខ្លួន ដោយមិនបានគិតពីកូនតូច ដែលនៅលេងនៅខាងមុខផ្ទះនោះទេ។ លុះភ្លេចខ្លួនមួយសន្ទុះ ស្រាប់តែមានការភ្ញាក់ផ្អើល ដល់អ្នកដែលរស់នៅខាងក្រោមផ្ទះ ស្រែកឆោឡោឡើង ដោយសារឃើញក្មេងប្រុស ធ្លាក់ពីលើផ្ទះជាន់ទី១ បណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង។
ពេលនោះម្ដាយឪពុកក្មេងប្រុសរងគ្រោះ បានចុះទៅមើល និងប្រញាប់ប្រញាល់ដឹកកូន ទៅសង្គ្រោះនៅគ្លីនិកឯកជន ដែលនៅក្បែរនោះ តែជាអកុសលក្មេងប្រុសរងគ្រោះ បានស្លាប់បាត់ទៅហើយ។ ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី ដោយក្តីក្រៀមក្រំនិងសោកសង្រេង ជាពន់ពេក ព្រោះតែការធ្វេសប្រហែស តែមួយប៉ព្រិចភ្នែក៕
Source from: watphnom-news.com