ខឹងប្រពន្ធស្តីបន្ទោស បុរសជាប្តីចិត្តកំណាចចាក់សាំងដុតប្រពន្ធ កូន ប្អូនថ្លៃ និងម៉ែក្មេករួចគេចខ្លួនបាត់

កាលពីវេលាម៉ោងប្រមាណ២២យប់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ បុរសជាប្តីចិត្តកំណាចម្នាក់ ព្រោះតែខឹងនឹងប្រពន្ធស្តីបន្ទោសពីក្បាលព្រលប់រឿងលក់ទោចក្រយានយន្ត១គ្រឿងយកលុយទៅ ដើរចាយវាយផឹកស៊ីនោះ លុះពេលរាត្រីមកដល់ស្រាប់តែលបចាក់សាំងដុតប្រពន្ធ កូន ប្អូនថ្លៃ និងម្តាយក្មេក បណ្តាលឲ្យរងរបួសរលាករលួយខ្លះធ្ងន់ធ្ងរសឹងបាត់បង់ជីវិតនិងខ្លះទៀត រងរបួសស្រាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ ឋិតនៅក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចហើយបុរសជាប្តីចិត្តអប្រិយនោះ រត់គេចខ្លួនបាត់ស្រមោល ។
មន្ត្រីនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា បុរសជាប្តីចិត្តកំណាចចាក់សាំងដុតប្រពន្ធ កូន ប្អូនថ្លៃ និងម្តាយក្មេក រួចរត់គេចខ្លួនបាត់នោះ មានឈ្មោះ សូរ ជា អាយុ២៥ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិ ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះ ដែលរងរបួសទាំង៤នាក់ រួមមាន ៖ ១-ឈ្មោះ ភួង ផាន់នី អាយុ២២ឆ្នាំ ត្រូវជាប្រពន្ធជនងសង្ស័យ(រងរបួសស្រាល) ២-ឈ្មោះ ភួង ផានិត អាយុ២០ឆ្នាំ ត្រូវជាប្អូនស្រីថ្លៃរបស់ជនសង្ស័យ (រងរបួសស្រាល) ៣-ឈ្មោះ ពៅ កក្កដា អាយុ៥ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់ជនសង្ស័យ (រងរបួសធ្ងន់) និង៤-ឈ្មោះ ផាន មាន អាយុ៥៩ឆ្នាំ ត្រូវជាម្តាយក្មេករបស់ជនសង្ស័យ (រងរបួសស្រាល) ។
ប្រភពព័ត៌មានពីសាក្សី ដែលរស់នៅក្បែរខាងផ្ទះកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្តីចិត្តកំណាចជាជនសង្ស័យនិងប្រពន្ធបានឈ្លោះប្រកែកគ្នាពីក្បាលព្រលប់ ក្រោយពេលបុរសជាប្តីបានយកទោចក្រយានយន្ត១គ្រឿងទៅលក់បានលុយដើរចាយវាយផឹកស៊ី ហើយរងការស្តីបន្ទោសពីប្រពន្ធបន្តិចបន្តួច ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែឮសំឡេង អ្នកនៅក្នុងផ្ទះ ស្រែកឲ្យជួយផងៗ នាំឲ្យអ្នកភូមិនាំគ្នារត់ទៅមើលក៏ឃើញភ្លើង កំពុងឆាបឆេះ ក្នុងផ្ទះតែម្តង ហើយក៏ជួយពន្លត់ព្រមជាមួយនឹងបានឃើញ ប្រពន្ធ កូន ប្អូនស្រីថ្លៃ និងម្តាយក្មេក របស់បុរសជាប្តី ទទួលរងការរលាករលួយដោយសារភ្លើង ។
សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យបុរសជាប្តីចិត្តកំណាចរូបនោះយកមកផ្តន្ទាទោសតាមច្បាប់ ដ្បិតសមត្ថកិច្ចក៏ដាក់ការសង្ស័យក្នុងករណីនេះ អាចកើតចេញ ពីរឿងប្រច័ណ្ឌផងដែរ ខណៈដែលជនរងគ្រោះ កំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យ ៕
Source from: www.dtn7.com