ប្រធានសាលាដំបូងខេត្តប៉ៃលិនម្នាក់ត្រូវខ្ទាតពីតំណែងយ៉ាងទាន់ហន់ក្រោមកណ្តាប់ដៃអំណាចរបស់ជំទាវ បាន ស្រីមុំ និងស្វាមី

លោកចៅក្រម ជុំ ស ប្រធានសាលាដំបូងខេត្តប៉ៃលិនត្រូវបានដកហូតមុខតំណែងពីប្រធានសាលាដំបូងយ៉ាងទាន់ហន់ កាលពីចុងឆ្នាំ២០១៣ ឲ្យមកបម្រើការងារឬហៅថា មកអង្គុយអានកាសែតនៅក្រសួងយុត្តិធម៌វិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤២១ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ដោយប្រភពព័ត៌មាននានាបង្ហើបប្រាប់ឲ្យដឹងថា បន្ទាប់ពីលោកចៅក្រមរូបនេះ ប៉ះទង្គិចជាមួយលោកជំទាវបាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងត្រូវជាភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣ រួចមក ។
ក្រោយការដកតំណែងលោកចៅក្រម ជុំ ស ពីប្រធានសាលាដំបូងខេត្តប៉ៃលិនរួចមក លោកចៅក្រម លាង សួគ៌ អតីតអនុប្រធានសាលាដំបូងខេត្តស្វាយរៀង ត្រូវបានតែងតាំង ជាប្រធានសាលាដំបូងខេត្តប៉ៃលិនជំនួសវិញ ។
ប្រភពព័ត៌មានពីមន្ត្រីរាជការបម្រើការងារនៅខេត្តប៉ៃលិនមួយចំនួនបានឲ្យដឹងថា ក្រុមមន្ត្រីរាជការធ្លាប់បានសម្តែងនូវការភ្ញាក់ផ្អើលរួចមកហើយបន្ទាប់ពីលោកជំទាវ បាន ស្រីមុំ ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានចេញលិខិតអញ្ជើញលោកចៅក្រមបម្រើការងារនៅសាលាដំបូងខេត្តប៉ៃលិន ម្នាក់មកសាកសួរនៅការិយាល័យអ្នកតំណាងរាស្ត្រខេត្តប៉ៃលិន ពាក់ព័ន្ធនឹងពាក្យបណ្តឹង កាលពីដើមខែ វិច្ឆិកា ឆ្នាំ២០១៣ របស់ឈ្មោះ ប៊ុន ធឿន ដែលប្តឹងចោទប្រកាន់ទៅលើលោកចៅក្រម នូ ដារ៉ា ថាសមគំនិតជាមួយឈ្មោះ ចាន់ សោភ័ណ្ឌភាព ជំរិតទារប្រាក់ចំនួន១៣.០០០ដុល្លារអាមេរិក ពីឈ្មោះ ប៊ុន ធឿន ។
ដោយយល់ឃើញថា អំពើរបស់លោកជំទាវបាន ស្រីមុំ បានរំលោភបំពាននីតិវិធីច្បាប់យ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យ និងមានន័យថា ជាអំពើប្រើប្រាស់សិទ្ធិអំណាចសម្លុតគំរាមកំហែង បំបាក់ស្មារតីមន្ត្រីរាជការក្នុងក្របខណ្ឌចៅក្រមមិនឆ្លងតាមរយៈក្រសួងយុត្តិធម៌ផងនោះ ទើបលោកចៅក្រម ជុំ ស ក្នុងនាមជា ប្រធានសាលាដំបូងខេត្តប៉ៃលិនបានចេញមុខការពារលោកចៅក្រម នូ ដារ៉ា តាមនីតិវិធីច្បាប់ ជាហេតុធ្វើឲ្យលោកជំទាវ បាន ស្រីមុំ មានការឆេះដុំខឹងច្រឡោតយ៉ាងខ្លាំង ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយការខឹងសម្បារបស់លោកជំទាវ បាន ស្រីមុំ រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន ក្នុងនាមជាស្វាមីនិងជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទូរស័ព្ទផ្ទាល់ទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី ។ បន្ទាប់ពីស្តាប់ការរ៉ាយរ៉ាប់របស់ឯកឧត្តម អ៊ី ឈាន រួចហើយ បុរសខ្លាំងក៏បានទូរស័ព្ទទៅឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យមានវិធានការទៅលើលោកចៅក្រម ជុំ ស ។ នៅទីបំផុត យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងទទួលបានការឯកភាពពីឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ គឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ លោកចៅក្រម ជុំ ស ត្រូវបានដកហូតមុខតំណែងពីប្រធានសាលាដំបូងខេត្តប៉ៃលិនតែម្តង ។
លោក ជុំ ស ជាសិស្សចៅក្រមជំនាន់ទី១នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការនិងត្រូវបានតែងតាំងឲ្យធ្វើជាចៅក្រមកម្មសិក្សា នៅសាលាដំបូងខេត្តកំពង់ធំ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៥/៥៣៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៥ ។ ក្រោយមក លោកត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌចៅក្រមនិងចាត់ឲ្យបម្រើការងារនៅសាលាដំបូងខេត្តកំពង់ធំ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៦៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។
លោកចៅក្រម ជុំ ស ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តប៉ៃលិន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១០/៧៨៩ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១០ និងត្រូវបានដកហូតមុខតំណែងពីប្រធានសាលាដំបូងខេត្តប៉ៃលិនវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤២១ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ក្រោមកណ្តាប់ដៃអំណាចដ៏មហិមារបស់លោកជំទាវ បាន ស្រីមុំ និងឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ជាប្តី-ប្រពន្ធ ដែលប្រពន្ធជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងប្តីជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ។
មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកតាមដានដំណើរការសាលាជម្រះក្តីនៅកម្ពុជាបានលើកឡើងថា ក្រៅពីកំហុសឆ្គងរបស់ចៅក្រម-ព្រះរាជអាជ្ញាបម្រើការងារនៅតាមសាលាជម្រះក្តីមួយចំនួនឬភាគច្រើន គឺស្ថាប័នតុលាការតែងតែទទួលរងការប្រើប្រាស់អំណាចគ្របដណ្តប់ពីសំណាក់មន្ត្រីមានអំណាចក្នុងស្ថាប័ននីតិប្បញ្ញត្តិ បនិងនីតិប្រតិបត្តិ ជាពិសេសនីតិប្រតិបត្តិតែម្តង ធ្វើឲ្យស្ថាប័នតុលាការកម្ពុជាកាន់តែអយុត្តិធម៌ និងអាប់ឱនកិត្យានុភាព ងើបមុខមិនរួច ៕
Source from: www.dtn7.com