ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​ម្នាក់​ត្រូវ​ខ្ទាត​ពី​តំណែង​យ៉ាង​ទាន់ហន់​ក្រោម​កណ្តាប់ដៃ​អំណាច​របស់​ជំទាវ បាន ស្រីមុំ និង​ស្វាមី

ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​ម្នាក់​ត្រូវ​ខ្ទាត​ពី​តំណែង​យ៉ាង​ទាន់ហន់​ក្រោម​កណ្តាប់ដៃ​អំណាច​របស់​ជំទាវ បាន ស្រីមុំ និង​ស្វាមី

លោក​ចៅក្រម ជុំ ស ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​ត្រូវបាន​ដកហូត​មុខតំណែង​ពី​ប្រធាន​សាលាដំបូង​យ៉ាង​ទាន់ហន់ កាលពី​ចុងឆ្នាំ​២០១៣ ឲ្យ​មក​បម្រើ​ការងារ​ឬ​ហៅថា មក​អង្គុយ​អាន​កាសែត​នៅ​ក្រសួងយុត្តិធម៌​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៣/១៤២១ ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៣ ដោយ​ប្រភពព័ត៌មាន​នានា​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​លោក​ចៅក្រម​រូបនេះ ប៉ះទង្គិច​ជាមួយ​លោកជំទាវ​បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន និង​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ អ៊ី ឈាន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៣ រួចមក ។​

ក្រោយ​ការដកតំណែង​លោក​ចៅក្រម ជុំ ស ពី​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​រួចមក លោក​ចៅក្រម លាង សួគ៌ អតីត​អនុប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ត្រូវបានតែងតាំង ជា​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​ជំនួស​វិញ ។​

ប្រភពព័ត៌មាន​ពី​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​ខេត្ត​ប៉ៃលិន​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​រាជការ​ធ្លាប់បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​រួចមកហើយ​បន្ទាប់ពី​លោកជំទាវ បាន ស្រីមុំ ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន បានចេញ​លិខិត​អញ្ជើញលោក​ចៅក្រម​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន ម្នាក់​មក​សាកសួរ​នៅ​ការិយាល័យ​អ្នកតំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង កាលពី​ដើមខែ វិច្ឆិកា ឆ្នាំ​២០១៣ របស់​ឈ្មោះ ប៊ុន ធឿន ដែល​ប្តឹង​ចោទប្រកាន់​ទៅលើ​លោក​ចៅក្រម នូ ដា​រ៉ា ថា​សមគំនិត​ជាមួយ​ឈ្មោះ ចាន់ សោ​ភ័​ណ្ឌ​ភាព ជំរិត​ទារប្រាក់​ចំនួន​១៣.០០០​ដុល្លារ​អាមេរិក ពី​ឈ្មោះ ប៊ុន ធឿន ។​

ដោយ​យល់ឃើញថា អំពើ​របស់​លោកជំទាវ​បាន ស្រីមុំ បាន​រំលោភបំពាន​នីតិវិធី​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ស្ថាប័ន​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ និង​មានន័យថា ជា​អំពើ​ប្រើប្រាស់​សិទ្ធិអំណាច​សម្លុត​គំរាមកំហែង បំបាក់ស្មារតី​មន្ត្រីរាជការ​ក្នុង​ក្របខណ្ឌ​ចៅក្រម​មិន​ឆ្លង​តាមរយៈ​ក្រសួងយុត្តិធម៌​ផង​នោះ ទើប​លោក​ចៅក្រម ជុំ ស ក្នុងនាម​ជា ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​បានចេញ​មុខការ​ពារ​លោក​ចៅក្រម នូ ដា​រ៉ា តាម​នីតិវិធី​ច្បាប់ ជាហេតុ​ធ្វើ​ឲ្យ​លោកជំទាវ បាន ស្រីមុំ មានការ​ឆេះដុំ​ខឹងច្រឡោត​យ៉ាងខ្លាំង ។​

ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ការខឹង​សម្បា​របស់លោក​ជំទាវ បាន ស្រីមុំ រួចមក ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ អ៊ី ឈាន ក្នុងនាម​ជា​ស្វាមី​និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ទូរស័ព្ទ​ផ្ទាល់​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​នាយករដ្ឋមន្ត្រី ។ បន្ទាប់ពី​ស្តាប់​ការ​រ៉ាយរ៉ាប់​របស់​ឯកឧត្តម អ៊ី ឈាន រួចហើយ បុរស​ខ្លាំង​ក៏បាន​ទូរស័ព្ទ​ទៅ​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឲ្យ​មាន​វិធានការ​ទៅលើ​លោក​ចៅក្រម ជុំ ស ។ នៅ​ទីបំផុត យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ និង​ទទួលបាន​ការឯកភាព​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ គឺ​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៣ លោក​ចៅក្រម ជុំ ស ត្រូវបាន​ដកហូត​មុខតំណែង​ពី​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​តែម្តង ។​

លោក ជុំ ស ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​១​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​និង​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ចៅក្រម​កម្មសិក្សា  នៅ​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៥/៥៣៤ ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០០៥ ។ ក្រោយមក លោក​ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​និង​ចាត់​ឲ្យ​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៧/០៦៧ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០០៧ ។​

លោក​ចៅក្រម ជុំ ស ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩១០/៧៨៩ ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១០ និង​ត្រូវបាន​ដកហូត​មុខតំណែង​ពី​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៣/១៤២១ ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៣ ក្រោម​កណ្តាប់ដៃ​អំណាច​ដ៏​មហិមា​របស់លោក​ជំទាវ បាន ស្រីមុំ និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន ជា​ប្តី​-​ប្រពន្ធ ដែល​ប្រពន្ធ​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន និង​ប្តី​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ។​

មជ្ឈដ្ឋាន​អ្នកច្បាប់​និង​អ្នកតាមដាន​ដំណើរការ​សាលាជម្រះក្តី​នៅ​កម្ពុជា​បាន​លើកឡើងថា ក្រៅពី​កំហុសឆ្គង​របស់​ចៅក្រម​-​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅតាម​សាលាជម្រះក្តី​មួយចំនួន​ឬ​ភាគច្រើន គឺ​ស្ថាប័ន​តុលាការ​តែងតែ​ទទួលរង​ការប្រើប្រាស់​អំណាច​គ្របដ​ណ្ត​ប់​ពី​សំណាក់​មន្ត្រី​មានអំណាច​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ  ប​និង​នីតិប្រតិបត្តិ ជាពិសេស​នីតិប្រតិបត្តិ​តែម្តង ធ្វើ​ឲ្យ​ស្ថាប័ន​តុលាការ​កម្ពុជា​កាន់តែ​អយុត្តិធម៌ និង​អាប់ឱន​កិត្យានុភាព ងើបមុខ​មិន​រួច ៕​

1163598674_n


Source from: www.dtn7.com

No comments:

Post a Comment