កម្មករសាងសង់ស្ពានអ្នកលឿង មួយសប្តាហ៍មកលេងផ្ទះម្តង ចៃដន្យដួលម៉ូតូបាក់ជើង

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវ២១៧ ពីត្បូងទៅជើង ក្នុងគោលបំណងទៅធ្វើការ នៅការដ្ឋានសាងសង់ ស្ពានអ្នកលឿង ពេលមកដល់មុខស្នាក់ការបក្ស សង្កាត់ដង្កោ ក៏ក្រឡាច់ដុំថ្ម បណ្តាលឲ្យដួលបាក់ជើងស្តាំ រងរបួសជាទម្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភា្លមៗ កាលពីវេលាម៉ោង ៤និង២០ នាទី ព្រលឹមថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវ២១៧ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកម្មករ សាងសង់ស្ពានអ្នកលឿង មានទីលំនៅផ្ទះលេខ៧៤ ភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាក ស៊ីធីផ្លាស់ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ផ-១៣០៨ ភព១ ធ្វើដំណើរពីត្បូងទៅជើង ក្នុងគោលបំណង ទៅធ្វើការនៅឯអ្នកលឿង។ ជនរងគ្រោះបានឲ្យដឹងថា គាត់ក្រោកតាំងពីម៉ោង ៤ព្រឹក ដើម្បីរូតរះជិះម៉ូតូទៅធ្វើការ នៅឯអ្នកលឿង ក្នុងមួយសប្តាហ៍ គាត់មកលេងផ្ទះម្តង ហើយត្រឡប់ទៅវិញ រៀងរាល់ព្រឹកថ្ងៃច័ន្ទ ៕
Source from: watphnom-news.com