គ្រូបង្រៀនមកពីហូបការស្រវឹង ពេលប្រពន្ធទៅដាស់ឃើញដេកស្លាប់ នៅលើគ្រែក្រោមផ្ទះ

ខេត្តកណ្តាល ៖ គ្រូបង្រៀនម្នាក់ មកពីហូបការទំនងជាស្រវឹងខ្លាំង ត្រូវបានប្រពន្ធប្រទះឃើញស្លាប់ នៅលើគ្រែក្រោមផ្ទះតែម្នាក់ឯង នៅគ្រាដែលស្ត្រីជាប្រពន្ធ ចុះមកដាស់ប្តីឲ្យទៅបង្រៀន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ នៅភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ងួន ភុល អាយុ ៦១ឆ្នាំ ជាគ្រូបង្រៀន នៅសាលាបឋមសិក្សា ស្រែអំពិល បានដេកស្លាប់តែម្នាក់ឯង សាច់ញាតិអត់បានដឹងអ្វីសោះ។ ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ជនរងគ្រោះបានទៅចូលរួម ក្នុងពិធីមង្គលការក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ លុះដល់វេលាយប់ជ្រៅ ជនរងគ្រោះបានផឹកស្រាស្រវឹង ក៏ត្រឡប់ទៅផ្ទះវិញ ដោយមិនបានឡើង ទៅដេកលើផ្ទះនោះទេ គឺដេកលើគ្រែក្រោមផ្ទះ តែម្នាក់ឯង។
រហូតដល់ព្រឹកឡើង ស្ត្រីជាប្រពន្ធបានចុះពីលើផ្ទះ មកដាស់ប្តីឲ្យទៅបង្រៀន ស្រាប់តែបុរសជាប្តី បានដេកស្លាប់ឡើងរឹងទៅហើយ មិនដឹងជាស្លាប់ តាំងពីពេលណានោះទេ។ នគរបាលផ្នែកជំនាញកោសល្យវិច័យ ដែលចុះទៅពិនិត្យ សពជនរងគ្រោះ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយជំងឺសង្គម ពោលគឺខ្យល់គ ព្រោះនៅលើខ្លួនសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងករណីផ្សេងនោះទេ៕
Source from: watphnom-news.com