លួចគោអ្នកស្រុកលក់បានលុយ ១៦០ម៉ឺនរៀល បង្គ្រប់ថ្លៃទឹកដោះឲ្យកូនប្រុសការប្រពន្ធ

ខេត្ដតាកែវ ៖ មុនមួយថ្ងៃដែលកូនប្រុស ត្រូវចូលរោងការនៅឯខេត្ដកំពត ស្ដ្រីជាម្ដាយប្រកបដោយព្រហ្មវិហារធម៌ ត្រូវសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្ដតាកែវពាក់ព័ន្ធករណីលួចគោញីមួយក្បាល ឱ្យអ្នករស់នៅជិតគ្នា យកទៅលក់ដើម្បីបានប្រាក់ បង់បង្គ្រប់ថ្លៃបណ្ណាការ ឬថ្លៃទឹកដោះឲ្យកូនប្រុស រៀបការប្រពន្ធ ។
ស្ដ្រីជាម្តាយមានឈ្មោះ ហេ អាត អាយុ ៤៧ឆ្នាំ ជាប់ចោទពីបទលួច រីឯម្ចាស់គោឈ្មោះ ទូច យន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅផ្ទះជាប់គ្នា នៅក្នុងភូមិកើតហេតុ។ ម្ចាស់គោឈ្មោះ ទូច យន បានឱ្យដឹងថា មុនពេលបាត់គោ នៅព្រឹកថ្ងៃទី១៧ ខែមីនាគាត់បានដឹកគោ ចេញពីផ្ទះយកទៅចង នៅឯវាលស្មៅក្រោយភូមិ រហូតដល់ម៉ោង១១ ថ្ងៃដដែល គាត់បានទៅដឹកគោយកមកវិញ ស្រាប់តែមិនឃើញ ហើយនឹកស្មានថា គោរបស់គាត់ដាច់ចំណង ។
ម្ចាស់គោបានដើររកអស់ចិត្ដ នៅតែមិនឃើញ ក៏បានទៅប្ដឹងសមត្ថកិច្ច ឱ្យជួយធ្វើអន្ដរាគមន៍ រហូតដល់ម៉ោង ៤រសៀល សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា គោរបស់គាត់ ត្រូវគេលួចយកទៅលក់ នៅឯឃុំចំបក់ ឯណោះក្នុងតម្លៃ ១៦០ម៉ឺនរៀល ។ មូលហេតុដែលនាំឱ្យ មានការសង្ស័យ ឈានទៅចាប់ខ្លួនស្ដ្រីខាងលើ ដោយសារថា ស្ដ្រីសង្ស័យបានលក់គោញី មួយក្បាលនេះក្នុងតម្លៃថោកពេក ទើបប្រជាពលរដ្ឋមានការសង្ស័យ រាយការណ៍ប្រាប់សមត្ថកិច្ច ។
ស្ដ្រីសង្ស័យបានសារភាពថា គាត់ពិតជាបានលួច គោមួយក្បាល របស់ឈ្មោះ ទូច យន ប្រាកដមែន ព្រោះថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ គឺជាថ្ងៃកំណត់ បង់ថ្លៃទឹកដោះ ឲ្យខាងកូនក្រមុំ និងជាថ្ងៃចូលរោងការ របស់កូនប្រុសផង តែមិនមានប្រាក់ ទើបបង្ខំចិត្តធ្វើដូច្នេះ។ ប្រាក់ដែលត្រូវយកទៅ ប្រគល់ឲ្យថ្លៃទឹកដោះ មានចំនួន ២លានរៀលឯណោះ។ មង្គលការរបស់កូនប្រុសគាត់ ត្រូវចាប់ផ្ដើមពិធីនៅថ្ងៃទី១៨ ខែមីនា តែទីបំផុតគាត់ ពិតជាសោកស្ដាយខ្លាំងណាស់ ដែលពុំបានទៅចូលរួម៕
Source from: watphnom-news.com