រាស្ត្រ​គ្មាន​ជំនឿ​លើ​ការ​រៀបចំ​វេទិកាសាធារណៈ​របស់​មន្ត្រី​ក្រោម​ឱវាទ​បុរស​ខ្លាំង​ ខណៈ​ដែល​បុរស​ខ្លាំង​មិន​ប្រារព្ធ​សមាជជាតិ​

រាស្ត្រ​គ្មាន​ជំនឿ​លើ​ការ​រៀបចំ​វេទិកាសាធារណៈ​របស់​មន្ត្រី​ក្រោម​ឱវាទ​បុរស​ខ្លាំង​ ខណៈ​ដែល​បុរស​ខ្លាំង​មិន​ប្រារព្ធ​សមាជជាតិ​

​សមាជជាតិ​ដែល​មាន​ចែង​ក្នុង​មាត្រា​១៤៧​ថ្មី​(​មាត្រា​១២៨​ចាស់​)​ មាត្រា​១៤៨​ថ្មី​(​មាត្រា​១២៩​ចាស់​)​ និង​មាត្រា​១៤៩​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ ដើម្បី​បើក​ឲ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ​ និង​លើក​បញ្ហា​ និង​សំណូមពរ​ជូន​រដ្ឋអំណាច​ដោះស្រាយ​នោះ​ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ព្យាយាម​គេចវេះ​មិន​រៀបចំ​ឲ្យ​មានដំណើរ​ការ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ ។​

​ស្រប​ពេល​ដែល​បុរស​ខ្លាំង​ ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់​អំណាច​ដុះ​ស្លែ​នៅ​កម្ពុជា​ មិនរ​វីរ​វល់​រៀបចំ​ឲ្យ​មាន​សមាជជាតិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ បែរជា​បុរស​ខ្លាំង​រៀបចំ​ឲ្យ​មាន​វេទិកាសាធារណៈ​នៅ​តាម​មូលដ្ឋាន​ទៅ​វិញ​ តាម​រយៈ​ក្រុមការងារ​ចុះ​បំពេញបេសកកម្ម​តាម​មូលដ្ឋាន​ ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​មន្ត្រី​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​ ។​

​អនុលោម​តាម​ការ​បញ្ញត្តិ​របស់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្តី​អំពី​សមាជជាតិ​ គឺ​សមាជជាតិ​បើក​ឲ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ​ ដែល​ជា​ប្រយោជន៍​ជាតិ​ និង​លើក​បញ្ហា​ និង​សំណូមពរ​ជូន​រដ្ឋអំណាច​ដោះស្រាយ​ ។​ ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​សមាជជាតិ​ ។​ សមាជជាតិ​ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ដើមខែ​ធ្នូ​ តាម​ការ​កោះ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ ។​ សមាជជាតិ​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះមហាក្សត្រ​ ។​ សមាជជាតិ​អនុម័ត​សំណូមពរ​ជូន​ព្រឹទ្ធសភា​ ជូន​រដ្ឋសភា​ និង​ជូន​រដ្ឋអំណាច​ពិចារណា​ ។​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សមាជជាតិ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ​ ។​

​ផ្ទុយ​ទៅ​វិញ​ ខណៈ​ដែល​បុរស​ខ្លាំង​មិន​រៀបចំ​ឲ្យ​មាន​សមាជជាតិ​នោះ​ ដោយ​យោង​តាម​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ និង​យោង​តាម​ការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​ គឺ​បុរស​ខ្លាំង​បាន​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​នៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ មាន​សមាសភាព​ដឹកនាំ​មក​ពី​មន្ត្រី​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​ទាំងអស់​ ហើយ​ដែល​ត្រូវ​អនុវត្ត​តួនាទី​ ភារកិច្ច​ និង​របៀបរបប​ការងារ​តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​លេខ​០១​សណ​ន​ ចុះ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៤​ ។​

​ដោយ​ការ​រៀបចំ​វេទិកាសាធារណៈ​នៅ​តាម​មូលដ្ឋាន​ដើម្បី​ស្តាប់​សំណូមពរ​ និង​សំណើ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​ក្រុមការងារ​ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​បុរស​ខ្លាំង​ និង​ជា​មន្ត្រី​ភាគច្រើន​ដែល​ធ្លាប់​បង្ក​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ថែម​ទៀត​នោះ​ គឺ​ប្រជារាស្ត្រ​គ្មាន​ជំនឿ​ទាល់តែ​សោះ​ដែល​ថា​ សំណូមពរ​ និង​សំណើ​របស់​ពួក​គាត់​ត្រូវ​បាន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ គ្មាន​ការ​រើសអើង​ ដែល​ប្រាសចាក​ពី​ការ​ធ្វើ​សមាជជាតិ​ទាំងស្រុង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​បុរស​ខ្លាំង​ មិន​រៀបចំ​ឲ្យ​មាន​សមាជជាតិ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ គឺជា​ព័ស្តុតាង​មួយ​បង្ហាញ​ថា​ ជា​ការ​មិន​គោរព​ប្រតិបត្តិ​ និង​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា​ បុរស​ខ្លាំង​ជា​ជន​កំសាក​ គ្មាន​សេចក្តី​ក្លាហាន​ចេញ​មុខ​ប្រឈម​ទៅ​នឹង​ការ​ចោទសួរ​ ដេញដោល​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ក្រោម​ព្រះ​រាជាធិបតី​ភាព​នៃ​ព្រះមហាក្សត្រ​ ហើយ​បែរជា​ចូល​ចិត្ត​ទទួលយក​នូវ​របាយការណ៍​ភូតភរ​ពី​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន​ ឬ​ភាគច្រើន​ ដើម្បី​សង្កត់ក​ដាក់បន្ទុក​លើ​ប្រជារាស្ត្រ​ទៅ​វិញ​ ៕​

Hun-Sen-9898


Source from: www.dtn7.com

No comments:

Post a Comment