អង្គភាពប្រឆាំងអំពើពុករលួយមើលរំលងអំពើពុករលួយរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ

មន្ត្រីក្រោមឱវាទមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរិះគន់ទៅលើអង្គភាពប្រឆាំងអំពើពុករលួយដែលមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន ថាអង្គភាពដ៏សំខាន់មួយនេះមើលរំលងអំពើពុករលួយរបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ខណៈដែលលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ និងបក្ខពួកកិបកេងប្រាក់សឹងគ្រប់ជំពូកអស់រយៈពេលជាច្រើនឆ្នាំ ដោយក្នុងមួយឆ្នាំៗមានចំនួនខ្ទង់រយលានរៀល គឺសូម្បីតែប្រាក់បេសកកម្មរបស់មន្ត្រីរាជការក៏លោកប្រធានមន្ទីរកិបកេងយកប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួនដែរ ។
ក្រុមមន្ត្រីបានបង្ហើបប្រាប់ឲ្យដឹងថា អំពើពុករលួយរបស់លោក គង់ ភឿន ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ និងបក្ខពួក គឺផ្តោតជាសំខាន់លើគម្រោងការជួសជុល ថែទាំផ្លូវលំជនបទ គម្រោងជីកអណ្តូងទឹកស្អាត និងប្រាក់បុរេប្រទាន ។ លើសពីនេះ លោកប្រធានមន្ទីរបានប្រកាន់បក្ខពួកនិយមបំផុត ពីព្រោះមន្ត្រីរាជការក្រោមឱវាទជាច្រើនមិនត្រូវបានលោកប្រធានមន្ទីរប្រគល់ការងារឲ្យធ្វើស្របតាមតួនាទីទេ ដោយធ្វើការតាមវិធីបិទបាំងចំពោះការងារណាមួយលុយ មានប្រយោជន៍ លោកប្រធានមន្ទីរប្រគល់ឲ្យតែបក្ខពួកគាត់ធ្វើចំនួន២នាក់ទៅ៣នាក់ជាមនុស្សជំនិតប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីក្រុមមន្ត្រីបានឲ្យដឹងដែរថា មានមន្ត្រីរាជការក្រោមឱវាទចំនួន១១នាក់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយប្តឹងចោទប្រកាន់អំពីការប្រព្រឹត្តអំពើពុករលួយរបស់លោក គង់ ភឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យរួចម្តងមកហើយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ ប៉ុន្តែលទ្ធផលស្ងាត់ឈឹងដូចចោរលួចសេះ មិនឃើញអង្គភាពប្រឆាំងអំពើពុករលួយមានវិធានការស៊ើបអង្កេតឡើយ ជាហេតុធ្វើឲ្យក្រុមមន្ត្រីរាជការជាភាគីម្ចាស់បណ្តឹងក្លាយជាជនរងគ្រោះទៅវិញ ហើយលោកប្រធានមន្ទីរ គង់ ភឿន រឹតតែបានចិត្តប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរលើសដើម ដ្បិតលោកប្រធានមន្ទីររូបនេះមានខ្នងបង្អែកជាមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រសួងអភិវឌ្ឍន៍ជនបទ ។
ដូច្នេះ ដើម្បីឲ្យក្រុមមន្ត្រីរាជការក្រោមឱវាទមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ជាពិសេសក្រុមមន្ត្រីដែលជាភាគីម្ចាស់បណ្តឹងបានអស់ចិត្ត និងទទួលបាននូវយុត្តិធម៌ សូមឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម ជា សុផារ៉ា ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងមានវិធានការទៅលើរូបភាព និងអំពើមិនប្រក្រតីរបស់លោក គង់ ភឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងគូកនផង ៕
Source from: www.dtn7.com
No comments:
Post a Comment