ឃាត់ខ្លួនស្ត្រីម្នាក់ ពេលទិញថ្នាំញៀនយកចែកចាយនៅផ្ទះ បញ្ជូនទៅកាន់តុលាការ

ខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនស្ត្រីម្នាក់ និងថ្នាំញៀនប្រភេទ យ៉ាម៉ាចំនួន ២០គ្រាប់ ទៅតុលាការនារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការបន្តតាមនីតិវិធី ហើយស្ត្រីសង្ស័យត្រូវបានអាវុធហត្ថស្រុកកំរៀង ធ្វើការឃាត់ខ្លួន ពេលកំពុងចែកចាយនៅផ្ទះ កាលពីវេលាម៉ោង ១៤និង៣០ នាទីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោក ហេង សេងហុង នាយអាវុធហត្ថ ការិយាល័យគ្រឿងញៀន បានអោយដឹងថា ស្ត្រីសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ទី ច្រិប អាយុ ៥០ឆ្នាំ ជាកម្មការិនី មានទីលំនៅក្នុងភូមិកើតហេតុ។ វត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួមមាន ថ្នាំញៀនប្រភេទយ៉ាម៉ាពណ៌ស្លាទុំចំនួន ២០គ្រាប់ នៅជាប់ចង្កេះខោខាងស្តាំ។
ស្ត្រីសង្ស័យឈ្មោះ ទី ច្រិប បានសារភាពថា ខ្លួនធ្លាប់រកស៊ី លក់ថ្នាំញៀនចំនួន ៤ដង តាំងពីចុងខែកុម្ភៈ ឆ្នាំ២០១៤ ទិញពីបុរសម្នាក់ ជាមិត្តភក្តិរបស់កូនប្រុស ហើយនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ខ្លួនបានទិញថ្នាំញៀន ២០គ្រាប់ ដាក់នៅចង្កេះខោខាងស្តាំ យកមកផ្ទះពេលដើរចូលផ្ទះ មិនទាន់បានអង្គុយស្រួលបួលផង ស្រាប់តែមានក្មេងប្រុសម្នាក់ មកសួររកទិញថ្នាំញៀន ខ្លួនបានឆ្លើយថា មិនមានថ្នាំទេ រំពេចនោះស្រាប់តែ សមត្ថកិច្ចអាវុធហត្ថមកឃាត់ខ្លួន ឆែកឆេរឃើញថ្នាំញៀនតែម្តង៕ ដោយ សុខជា
Source from: watphnom-news.com
No comments:
Post a Comment