បុគ្គលិកក្រុមហ៊ុនតូតាល់ និយាយពីរឿងបក្ខពួកនិយម ដេញអ្នកចាស់ៗ ដាក់គ្នាឯងចូល

ខេត្តកណ្តាល ៖ បុគ្គលិកក្រុមហ៊ុនតូតាល់ប្រមាណ ៣០នាក់ ដែលកំពុងបម្រើការងារតាមផ្នែក នៅក្នុងក្រុមហ៊ុនធំ ស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានធ្វើកូដកម្មព្រមៗគ្នា កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤បន្ទាប់ពីអ្នកគ្រប់គ្រងក្រុមហ៊ុន បញ្ឈប់បុគ្គលិក ២នាក់ ដោយគ្មានហេតុផលច្បាស់លាស់ ។
ការធ្វើកូដកម្មនេះ គឺទាមទារឲ្យភាគីក្រុមហ៊ុន ទទួលយកបុគ្គលិក ២នាក់ ចូលបម្រើការងារ វិញ ដោយក្រុមកូដករអះអាងថា ថៅកែក្រុមហ៊ុនបានបញ្ឈប់បុគ្គលិក គ្មានហេតុផលច្បាស់លាស់ និងគ្មានកំហុស ។ បុគ្គលិកទាំង ២នាក់ ដែលត្រូវបញ្ឈប់ពីការងារនោះ មានឈ្មោះ ស្រី មនោ ភេទប្រុស មុខងារប្រធានផ្នែកប្រេងនៅក្នុងក្រុមហ៊ុន និងឈ្មោះ ធូន ឆ្លូវរិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខងារជាអ្នកចេញប័ណ្ណគយ ។
ការបញ្ឈប់បុគ្គលិកទាំង ២នាក់នេះ ត្រូវបានភាគីក្រុមហ៊ុន ហៅឲ្យទៅជួបនៅការិយាល័យកណ្តាល នាទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ គឺមិនបានសួរហេតុផលច្បាស់លាស់ មុនពេលបញ្ឈប់នោះទេ ស្រាប់តែទៅដល់ការិយាល័យកណ្តាល ភាគីក្រុមហ៊ុនបង្ខំឲ្យផ្តិតមេដៃ បញ្ឈប់ពីការងារតែម្តង ។ បុគ្គលិកដែលកំពុងធ្វើកូដកម្ម បាននិយាយដូចៗគ្នាថា ការគ្រប់គ្រងរបស់ថៅកែក្រុមហ៊ុន មិនអនុវត្តន៍តាមច្បាប់ការងារ របស់ប្រទេសកម្ពុជានោះឡើយ គឺបញ្ឈប់បុគ្គលិក គ្មានហេតុផលច្បាស់លាស់ ហាក់ដូចជាធ្វើឡើងដោយមានអ្នកញុះញង់នៅពីក្រោយ ហើយដាក់បក្ខពួកគ្នាគេចូល ។
មានការបញ្ជាក់ផងដែរថា កន្លងមកភាគីខាងក្រុមហ៊ុន បានបណ្តេញបុគ្គលិក ៤-១០ នាក់រួចមកហើយ ដោយមិនបានអនុវត្តន៍ តាមច្បាប់ការងារនោះឡើយ គឺធ្វើតាមអំពើចិត្តរបស់ខ្លួន ។ ដោយមានការព្រួយបារម្ភ ខ្លាចបាត់បង់ការងារ ពួកគេក៏ព្រមព្រៀងគ្នា ធ្វើកូដកម្មនៅព្រឹកថ្ងៃទី២៨ ខែកុម្ភះ តែម្តង ដើម្បីទាមទារឲ្យខាងក្រុមហ៊ុន អនុវត្តន៍ច្បាប់ការងារ និងទទួលយកបុគ្គលិកទាំង ២នាក់ ចូលបម្រើការងារវិញ និងសុំឲ្យស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ផង៕
Source from: watphnom-news.com