កិច្ចប្រជុំគណៈកម្មការចម្រុះគណបក្សនយោបាយធំៗទាំង២ព្រមព្រៀងបញ្ចូលក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតនូវប្រធានបទចំនួន១៤

កិច្ចប្រជុំគណៈកម្មការចម្រុះរបស់គណបក្សនយោបាយធំៗទាំង២ ដែលមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ គឺគណបក្សប្រជាជនកម្ពុជាដឹកនាំដោយឯកឧត្តម ប៊ិន ឈិន អ្នតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តម សុន ឆ័យ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤នេះ នៅវិមានព្រឹទ្ធសភា បានព្រមព្រៀងគ្នាដាក់បញ្ចូលក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតនូវប្រធានបទសរុបចំនួន១៤ ដូចខាងក្រោម ៖
១-ការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប
២-រៀបចំការបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ
៣-កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត
៤-អព្យាក្រឹតភាព និងសុចរិតភាពនៃអង្គការសង្គមស៊ីវិល
៥-ប្រព័ន្ធផ្សព្វផ្សាយនិងមធ្យោបាយផ្សព្វផ្សាយរបស់គណបក្សនយោបាយ
៦-យន្តការនៃការដោះស្រាយវិវាទ
៧-ការសង្កេតការណ៍បោះឆ្នោត
៨-អព្យាក្រឹតភាពនៃមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ
៩-កាលបរិច្ឆេទនៃការបោះឆ្នោត
១០-បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត
១១-កែសម្រួល និងពង្រឹងទោសប្បញ្ញត្តិនៅក្នុងច្បាប់បោះឆ្នោត
១២-ការឃោសនាបោះឆ្នោត
១៣-ការបោះឆ្នោតមេភូមិ
១៤-ការស្ទង់មតិ ។
គណៈកម្មការចម្រុះនេះបានឯកភាពថា នឹងជួបពិភាក្សាលើកក្រោយទៀត ដើម្បីពិភាក្សាកំណត់អាទិភាពនៃប្រធានបទកំណែទម្រង់ការបោះឆ្មោត ព្រមទាំងបែបបទនៃការរៀបចំសិក្ខាសាលាថ្នាក់ជាតិ និងវេទិកាសាធារណៈ ៕
Source from: www.dtn7.com