បើកម៉ូតូលឿនដូចហោះបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរស ៣នាក់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់

ខេត្តកំពង់ឆ្នាំង ៖ យុវជន ៣នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៩និង១០ នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតនៅមុខប៉ុស្តិ៍នគរបាល សង្កាត់កំពង់ឆ្នាំង ចំណុចរូបសំណាក់ដំរីស សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ព្រិន ប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ ផាយ ឆវន្ត័ អាយុ ២០ឆ្នាំ ជានិស្សិតវិទ្យាស្ថាន ប្រាយហូប រស់នៅក្នុងភូមិស្វាយរំពា ឃុំស្វាយរំពា ស្រុកកំពង់លែង បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-3669 បើកបរយ៉ាងលឿនពីជើងទៅត្បូង។ ដល់ចំណុចកើតហេតុ ក៏បានបុកពេញទំហឹងជាមួយ ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1F-2465 បើកបរដោយជនរងគ្រោះឈ្មោះ ហ៊ាន សុផល អាយុ ៣៣ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនមួយ រស់នៅភូមិត្របែក ឃុំត្រងិល។
សាក្សីបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីការបើកបរ ក្នុងល្បឿនលឿនដូចគ្នា ក៏បានជ្រុលទៅបុកគ្នា យ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យឈ្មោះ ព្រិន ប្រុស និងឈ្មោះ ផាយ ឆវ័ន្ត បែកក្បាលបាក់ដៃបាក់ជើង ជាច្រើនកំណាត់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកឈ្មោះ ហ៊ាន សុផល បានស្លាប់នៅពាក់កណ្តាលផ្លូវ លើរថយន្តសាមុយពេលដឹកបញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែកម៉ូតូទាំង ២គ្រឿង បានរងការខូចខាតធ្ងន់ធ្ងរដូចគ្នា បាក់កាំ បាក់ខ្នង និងខ្ទេចមួយកំណាត់មុខ ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុក រងចាំដោះស្រាយតាមនីតិវិធី៕
Source from: watphnom-news.com
No comments:
Post a Comment