ហៅនាងទៅវាយសិចតម្លៃ ២០ដុល្លារ ឲ្យតែ ៣ម៉ឺនរៀល ក្លាយជាហិង្សាផ្អើលផ្ទះសំណាក់

រាជធានីភ្នំពេញ ៖ បុរសជាកម្មករម្នាក់ បានជិះម៉ូតូម៉ាកសង់កូរ៉េ មករកស្ត្រីរកស៊ីផ្លូវភេទ នៅម្តុំអតីតរង្គសាលទន្លេសាប ហើយបានហៅស្ត្រីម្នាក់ ទៅដេកជាមួយក្នុងតម្លៃ ២០ដុល្លារ ដោយនាំគ្នាជួលផ្ទះសំណាក់ យីហោលីហួរ កាលពីវេលាម៉ោង ២៣និង៤០ នាទី នៅតាមបណ្តោផ្លូវលេខ៧០ ស្ថិតក្នុងភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ប៉ុន្តែពេលទៅដល់បន្ទប់ផ្ទះសំណាក់ ស្រាប់តែខាងប្រុស ក្រឡាស់សំដីឲ្យតែ ៣ម៉ឺនរៀល បង្កទៅជាជម្លោះ ឈានដល់ការប្រើអំពើហិង្សា។
ភាគីខាងប្រុសមានឈ្មោះ នូ កាណែល អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិ-សង្កាត់និរោធ ខណ្ឌមានជ័យ បានខាំស្លឹកត្រចៀក និងដាល់ខាងស្រី ប៉ោងភ្នែកម្ខាង ។ ចំណែកខាងស្រី មានឈ្មោះ សៀម ភា អាយុ ៣២ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួល តាមផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានខាំម្រាមដៃខាងប្រុស បណ្តាលឲ្យរបួស ផ្អើលពេញផ្ទះសំណាក់ ទាំងយប់តែម្តង។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ នូ កាណែល បានចេញពីផឹកស៊ី នៅម្តុំប្រេស៊ីដង់ នឹកឃើញចង់រួមភេទ ក៏បានបើកម៉ូតូ ម៉ាកសេ១០០ កូរ៉េ ពណ៌ក្រហម ជិះតែម្នាក់ឯងទៅរក ស្រីបម្រើសេវាផ្លូវភេទ ហើយបានជួបនារីរងគ្រោះ ក៏តថ្លៃត្រូវរ៉ូវគ្នាក្នុងតម្លៃ ២០ដុល្លារ ទើបនាំគ្នាមកជួលបន្ទប់លេខ១០២ ផ្ទះសំណាក់ លីហួរ ដើម្បីឡើងឋានសួគ៌។ ពេលចូលដល់ក្នុងបន្ទប់ មិនទាន់បានរួមភេទផង ស្រាប់តែខាងស្រី បានទារលុយមុនចំនួន ២០ដុល្លារ ពេលនោះខាងប្រុសឲ្យតែ ៣ម៉ឺនរៀល ខាងស្រីមិនព្រម ។
ពេលនោះខាងប្រុសខឹង បានស្ទុះទៅប្រតាយប្រតប់ ច្របាច់កចាប់ខាំស្លឹកត្រចៀក និងវាយទៅ ស្ត្រីរងគ្រោះ ចំណែកស្ត្រីរងគ្រោះ ក៏ចាប់ខាំម្រាមដៃ បណ្តាលឲ្យរបួសទាំងអស់គ្នា ផ្អើលពេញផ្ទះសំណាក់តែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ នាំពួកគេទាំង ២នាក់ មកកាន់ស្នាក់ការប៉ុស្តិ៍ស្រះចក ដើម្បីសម្របសម្រួល ផងដែរ ហើយដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ខាងប្រុសសុខចិត្ត ចេញសំណងចំនួន៤០០ ដុល្លារ ឲ្យទៅខាងស្រី៕
Source from: watphnom-news.com