ឡើងលើដំបូលផ្ទះផ្លាស់ប្តូរទទឹកដែលពុកផុយ ភ្លាត់ជើងធ្លាក់មកដីកម្ពស់ ៧ម៉ែត្រស្លាប់ភ្លាមៗ

ខេត្តកណ្តាល ៖ បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មបំផុត ខណៈដែលជនរងគ្រោះ ឡើងទៅលើដំបូលផ្ទះឪពុក ផ្លាស់ប្តូរទទឹកដែលចាស់ធ្លុះធ្លាយ ហើយបានជ្រុលជើង ធ្លាក់ពីកម្ពស់ប្រមាណ ៧ម៉ែត្រ មកលើដីបោកក្បាលមួយទំហឹង កាលពីវេលាម៉ោង ៣និង៣០ នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ រី រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅផ្ទះ ជាមួយឪពុកម្តាយ ក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះត្រូវបាន ឪពុកបង្កើតប្រើឲ្យឡើង ទៅលើដំបូលផ្ទះ ដើម្បីផ្លាស់ប្តូរទទឹកថ្មី ព្រោះទទឹកចាស់បានពុក ធ្លុះធាយអស់ទៅហើយ ហើយក្រោយមក ជនរងគ្រោះ ក៏បានដាក់ជណ្តើរឡើងទៅលើដំបូលផ្ទះ ។
ពេលទៅដល់លើដំបូលហើយនោះ ជនរងគ្រោះបានប្រាប់ឈ្មោះ ជឹម ទិត ភេទប្រុស ដែលត្រូវជាបងប្អូន ឲ្យហុចទទឹកឲ្យ ខណៈកំពុងទទួលទទឹក ពីឈ្មោះ ជឹម ទិត ជនរងគ្រោះក៏បានជ្រុលជើង ជាន់ខុសដំបូលផ្ទះ របូតដៃធ្លាក់ចុះមកក្រោម ដែលមានកម្ពស់ ប្រមាណ ៧ទៅ៨ ម៉ែត្រ ប្រកាច់ស្លាប់ ភ្លាមៗតែម្តង ។ សមត្ថកិច្ចបានចុះទៅ ត្រួតពិនិត្យសាកសពជនរងគ្រោះ ហើយបានបញ្ជាក់ថា ជនរងគ្រោះបានបាក់ក និងដៃជើង ទើបបណ្តាលឲ្យស្លាប់យ៉ាងដូច្នេះ៕
Source from: watphnom-news.com