ឡានដឹកប្រេងក្រុមហ៊ុនសូគីម៉ិច បុករះកម្មករមុខរោងចក្រ របួសធ្ងន់ស្រាលជិត ១០នាក់

រាជធានីភ្នំពេញ ៖ រថយន្ដដឹកប្រេងរបស់ ក្រុមហ៊ុនសូគីម៉ិច បានជ្រុលចង្កូតបុករះ បណ្តាលឲ្យមនុស្សជិត ១០នាក់ មានប្រុសស្រី ខ្លះបើកម៉ូតូ ធ្វើដំណើរតាមផ្លូវ ខ្លះទៀតដាក់គ្រែលក់បាយម្ហូប រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១១និង៥០ នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ នៅមុខរោងចក្រកាត់ដេរ យីហោម៉ូរៀលហ្គាមេនខប តាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ដោយមិនទាន់ស្គាល់ អត្ដសញ្ញាណ នៅឡើយទេ។ ដោយឡែកម៉ូតូចំនួន ៦គ្រឿង និងសម្ភារផ្សេងៗ របស់ជនរងគ្រោះ មានទាំងអ្នកលក់បាយ លក់ទឹកអំពៅ លក់កាហ្វេ និងអ្នកធ្វើដំណើរ បានរងការខូចខាត ហើយនេះអាចចាត់ទុក ជាសំណាងហើយដែល កម្មករ និងកម្មការិនី មិនបាននៅផ្តុំគ្នា កុំអីក្លាយជាសោកនាដកម្ម គួរឲ្យរន្ធត់ជាមិនខានឡើយ។
គ្រោះថ្នាក់នេះបង្កឡើងដោយ អ្នកបើករថយន្ដដឹកប្រេងធុនធំ របស់ក្រុមហ៊ុនសូគីម៉ិច ឈ្មោះអ៊ូច វីរៈរតនា អាយុ ៣៣ឆ្នាំ មានទីលំនៅ ក្នុងភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌ ឫស្សីកែវ ត្រូវប្រជាពលរដ្ឋចាប់វាយប៉ោងមុខ ទម្រាំនគរបាលមូលដ្ឋាន ចុះទៅដល់ជួយធ្វើអន្ដរាគមន៍ ជម្លៀសយកមកកាន់ ទីស្នាក់ការប៉ុស្ដិ៍ ហើយរថយន្តបង្ក ពណ៌ក្រហមលាយស មានចំណុះ ២៨០០០លីត្រ ពាក់ស្លាកលេខ ភ្នំពេញ 3A-4258។
មុនពេលកើតហេតុ រថយន្តបានដឹកប្រេង ចេញពីស្ថានីយនៅឫស្សីកែវ ក្នុងគោលបំណង ឆ្ពោះមកផ្លូវទំនប់កប់ស្រូវ និងទៅកាន់ ផ្លូវជាតិលេខ៣ ដើម្បីចែកចាយឲ្យម៉ូយនៅទីនោះ ដោយបើកក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនស៊ីទំនងជា បែកកាប៉ែនហ្វ្រាំង អ្នកបើកបរបានសម្រេចចិត្ដ ទាញចង្អូតមកស្ដាំដៃ បណ្ដាលឱ្យជ្រុលទៅបុក ម៉ូតូ គ្រែអ្នកលក់បាយ ធុងទឹកអំពៅ ដែលលក់នៅ មុខរោងចក្រនោះតែម្ដង៕
Source from: watphnom-news.com