អាជ្ញាធរប្រេងកាតជាតិកម្ពុជារបស់ដន្លងដងស្នែងបុរសខ្លាំង ត្រូវបានផ្ទេរឲ្យឋិតក្រោមក្រសួងរ៉ែនិងថាមពលវិញ

អាជ្ញាធរប្រេងកាតជាតិកម្ពុជាដែលបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខជស/រកត/០១៩៨/២០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៨ និងឋិតនៅក្រោមការគ្រប់គ្រងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងត្រូវជាដន្លងដងស្នែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី អស់រយៈពេលចំនួន១៥ឆ្នាំមកហើយនោះ ឥឡូវនេះ ត្រូវបានផ្ទេរនិងធ្វើសមាហរណកម្មឲ្យឋិតនៅក្រោមក្រសួងរ៉ែនិងថាមពលវិញ ដែលមានឯកឧត្តមស៊ុយ សែម ជារដ្ឋមន្ត្រីដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣។
ប្រភពស្និទ្ធនឹងទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាដន្លងដងស្នែងរបស់បុរសខ្លាំងធ្លាប់ទទួលបានផលប្រយោជន៍យ៉ាងក្រាស់ក្រែល កាលពីនៅកាន់តំណែងជាប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជាតាមរយៈការចុះកិច្ចព្រមព្រៀងនិងកិច្ចសន្យាទាំងឡាយជាមួយក្រុមហ៊ុន រុករកស្រាវជ្រាវនិងធ្វើអាជីវកម្មប្រេងនៅកម្ពុជា ។
អនុលោមតាមស្មារតីនៃព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ដែលបានផ្ទេរនិងធ្វើសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជាឲ្យឋិតនៅក្រោមក្រសួងរ៉ែនិងថាមពល ដែលជាក្រសួងទើបបង្កើតថ្មីនោះ គឺរាល់កិច្ចព្រមព្រៀងនិងកិច្ចសន្យាទាំងឡាយដែលចុះហត្ថលេខា ដោយអាជ្ញាធរប្រេងកាតជាតិកម្ពុជាត្រូវបន្តសុពលភាពនៅក្រោមសមត្ថកិច្ចក្រសួងរ៉ែនិងថាមពលវិញ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានសម្តែងនូវការអបអរសាទរចំពោះការធ្វើសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជាឲ្យឋិតនៅក្រោមក្រសួងរ៉ែនិងថាមពលតែមួយវិញ ពីព្រោះវាមានភាពល្អប្រសើរជាងពីអតីតកាលដែលក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល ផ្សេង បែរជាមានអាជ្ញាធរមួយទៀត សម្រាប់គ្រប់គ្រងលើវិស័យរ៉ែ ប្រេងកាតឲ្យឋិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រីទៅវិញ ធ្វើឲ្យមានភាពប្រទាំងប្រទើសក្នុងការអនុវត្តការងារនិងក៏បានបង្ហាញអំពីការច្បាមអំណាចនិងផលប្រយោជន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាដន្លងដងស្នែង របស់បុរសខ្លាំង នាពេលកន្លងមកផងដែរ ៕
Source from: www.dtn7.com